(ត្បូងឃ្មុំ)៖ ទន្ទឹមនឹងនៅទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូវីដ-១៩ និងដើម្បីជួយជ្រោមជ្រែងសម្រួលស្វែងរកទីផ្សារលក់ដូរ បង្កើនជីវភាពដល់ប្រជាកសិករ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍បន្លែផ្លែឈើ និងផលិតផលក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយស្វែងរកទីផ្សារ ជំរុញការដាំដុះ និងការចរាចរផលដំណាំទៅលក់ ផ្សព្វផ្សាយផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី និងផលិតផលកសិកម្មកែច្នៃក្នុងខេត្ត។
ពិពរណ៍នេះ ធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ដោយមានការអញ្ជើញជាអធិបតីភាពពីលោក គន់ សុភា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
បើតាមលោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ការរៀបចំពិពរណ៍នេះមានរយៈពេល ២ថ្ងៃទី ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០២០ នៅមាត់ទន្លេសិប្បនិម្មិត ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យមហាជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើនឡើង ដោយក្នុងនោះ ផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ដែលផលិតដោយក្រុមកសិករ សហគមន៍ បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត ក្នុងគោលបំណងឆ្លើយតបស្វែងរកទីផ្សារ ស្វែងរកដៃគូសហការក្នុងការទិញលក់ ជួយបង្កើនផលិតផលនិងផលិតកម្ម ជំរុញលើកទឹកចិត្តធ្វើឱ្យបន្តខិតខំដាំបន្លែផ្លែឈើសុវត្ថិភាព ដោយគ្មានជាតិគីមី និងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុង។
លោកបានបន្ថែមថា មួយវិញទៀត គឺដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន ប្រជាកសិករ ពង្រីកការដាំដុះផ្គត់ផ្គង់តម្រូវការផលិតផលនៅក្នុងខេត្ត ជាពិសេសកាត់បន្ថយការនាំចូលពីទីផ្សារបរទេសចូលមកក្នុងប្រទេសផងដែរ៕