(ត្បូងឃ្មុំ)៖ លោកស្រីធម្មហដ្ឋាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀម សេងហាន ប៉ែន អ៊ាន ព្រមទាំងក្រុមគ្រួសារ និងលោកស្រី ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកអំណោយជាគ្រឿងឧបរិភោគ បរិភោគ និងថវិករ ចែកជូនគ្រួសារក្រីក្រលំបាកចំនួន៦៧គ្រួសារ មកពីឃុំចំនួន២ គឺឃុំកក់ និងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងចូលរួមដាក់បិណ្ឌទី៣ នៅវត្តចំបក់ ស្ថិតនៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោកស្រីធម្មហដ្ឋាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀម សេងហាន ប៉ែន អ៊ាន បានផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំង៦៧គ្រួសារ ដោយក្តីនឹករំឮក ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ «ពោល គឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
លោកស្រី បានបញ្ជាក់ថា អំណោយដែលចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនបានរយៈពេលតែប៉ុណ្ណោះ សូមប្រពលរដ្ឋទាំងអស់ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើឱ្យកម្រិតជីវភាព បានប្រសើរបន្ថែម។ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឱ្យបានល្អ ពិសេសត្រូវរក្សាអនាម័យជាប់ជានិច្ច។
លោកស្រី សៀម សេងហាន ប៉ែន អ៊ាន បានអំពាវនាវឱ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់ របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនក្រីក្រទាំង៦៧គ្រួសារ នាឱកាសនោះ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ទឹកក្រូច១កេស មី១កេស ត្រីខ១យួរ ទឹកដោះគោ៤កំប៉ុង ស្ករស១គីឡូ ភួយ១ សាប៊ូ១ដុំ សារុង១ ថវិកាចំនួន៤ម៉ឺនរៀល និងប្រគេនតេយ្យទាន បច្ច័យ សម្រាប់កសាងវត្តចំបក់ ចំនួន១លាន ៥០ម៉ឺនរៀល និងវត្តស្ទឹងតូច ចំនួន ៥០ម៉ឺនរៀល សរុបថវិកាអស់ប្រមាណជាង០៧លានរៀល៕