(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការ ក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ នេះបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តមន្នីប្រសិទ្ធវង្ស ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅពិធីបុណ្យកាន់បិណ្ឌវេនទី៤ នាយឧត្តមសេនីយ៍ នាង ផាត ព្រមទាំងនាយពលទាហាន បានបួងសួង និងឧទ្ទិសនូវមហាកុសលផល បុណ្យដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤នេះ ជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសឧទ្ទិសមហាកុសលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស់អ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានបូជាជីវិតលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជា នាពេលកន្លងមក សូមបុណ្យកុសលដែលបានធ្វើនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នាកុំបីអាក់ខានឡើយ។
បុណ្យកាន់បិណ្ឌនេះបើតាមគម្ពីរធម្មបទ ក្នុងសម័យបុព្វកាលអ្នកប្រាជ្ញាជំនាន់នោះបានប្រើពាក្យថា បវរណាបច្ច័យ បួន ដល់ព្រះសង្ឃដែលមានព្រះពុទ្ធអង្គរ ជាប្រធានបានកំណត់ធ្វើរយៈពេល ៣ខែ ប៉ុន្តែចំណេរកាលក្រោយមកទើបអ្នកប្រាជ្ញរាជបណ្ឌិតកំណត់ឲ្យប្រើពាក្យថា ពិធីកាន់ បិណ្ឌវិញ ដែលមានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ រួមទាំងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះក្នុងរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើនពិបាកដល់ភិក្ខុសង្ឃ ក្នុងការស្វែងរកអាហារ បិណ្ឌបាត។
នាយឧត្តមសេនី នាង ផាត បន្ទាប់ពីបានរាប់បាត្រ និងវេរប្រគេននូវចង្ហានទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ និងគ្រឿងបូជាព្រះរួចមកក៏បានជួបសំណេះ សំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ចាស់សីលវត្តី និងប្រជាពលរដ្ឋ ដែលចូលរួមដោយបាននាំនូវក្តីនឹករលឹក និងបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកប ដោយមនោសញ្ចេតនាគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពលរដ្ឋ ទាំងអស់ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កំពុងប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។
នាយឧត្តមសេនីយ៍ នាង ផាត បានសំដែងនូវក្តីសប្បាយរីករាយដោយឃើញព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យបានគោរពយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីពិធីការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ និងក្រើនរំលឹកដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ពេលចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ឱ្យខាងតែបាននៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះដែរ នាយឧត្តមសេនីយ៍ នាង ផាត និងនាយទាហាន បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាសម្រាប់វត្ត ម ន្នីប្រសិទ្ធវង្ស រួមមាន៖ អង្ករ ០៥បាវ, ត្រីខកំប៉ុង ១៨យួរ, ទឹកសុទ្ធ៩កេស, កូកាកូឡា ៩កេស, ទឹកក្រូច ៩កេស, បាកាស ៩កេស, ទឹកផ្លែឈើ ៩កេស, មីម៉ាម៉ា ១៨កេស, ទឹកដោះគោឆៅ ១៨យួរ, ទឹកដោះគោខាប់ ៥៥កំប៉ុង, ទឹកត្រី ៩យួរ, ទឹកស៊ីអ៉ីវ ៩យួរ, ប៊ីចេង ១៨កញ្ចប់, ត្រីងៀត, ៩គីឡូក្រាម, សាដកចំនួន៩ និងក្រៅពីនោះមានគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀតផង។
ជាមួយនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានប្រគេនបច្ច័យកសាងដល់វត្តមន្នីប្រសិទ្ធវង្ស មួយចំនួនផងដែរ៕