(ភ្នំពេញ)៖ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ តែ១ពព្រិចភ្នែក ឌុច រលាយកាយដោយគ្មានបានវេចស្ពាយអ្វីទៅជាមួយទេ ប៉ុន្តែបន្សល់នូវកេរ្តិ៍ឈ្មោះដ៏អសោច ជាប់ឈ្មោះជាមេឃាតកគុកទួលស្លែង មេម៉ាស៉ីន សម្លាប់មនុស្ស មេសួរចម្លើយ មេកត់ត្រាចម្លើយសារភាពរបស់ជនរងគ្រោះដែលក្លាយជាអ្នកទោសដោយត្រូវចោទប្រកាន់ថាជា CIA ឬ KGB និងមេមនោគមន៍វិជ្ជា។

*មេកត់ត្រា៖

គុកទួលស្លែងមានឯកសារកំណត់ត្រាចំនួន៤លាន។ រូបថតរបស់អ្នកទោសចំនួនជាង ៥ពាន់សន្លឹក។ ឯកសារប្រមាណ៤សែនទំព័រត្រូវបានចងក្រងរួចដោយប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប័ណ្ណសារសម្រាប់ការចងចាំពិភពលោករបស់អង្គការយូនេសស្កូដែលឆ្នាំ២០២០នេះ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីការចងចាំសកល ហើយអគ្គនាយិកាអង្គការនេះ លោកស្រី Audrey Azoulay បានថ្លែងថា «បេសកកម្មរបស់សារមន្ទីរគុកទួលស្លែងគឺសំខាន់ ដើម្បីលើកកំពស់សន្តិភាព និងធានាតាមរយៈប័ណ្ណសារនេះ ថាឧក្រិដ្ឋកម្មដ៏ឃោរឃៅបែបនេះនឹងមិនកើតទៀតជាដាច់ខាត»។

អាស័យដ្ឋានសម្រាប់អានព័ត៌មានលម្អិតៈ https://en.unesco.org/news/unesco-jikji-memory-world-prize-2020-awarded-tuol-sleng-genocide-museum-cambodia)។

*ស្មេរនៅចងចាំថានៅឆ្នាំ១៩៨១៖

*នួន ជា បានសួរ ឌុច ថា តើឯកសារនៅគុកទួលស្លែង បានបំផ្លាញចោលអស់ឬនៅ ព្រោះខាងយើងឯណេះ គេកម្ទេចអស់ហើយ? (សួរក្នុងន័យបំបាត់ភស្តុតាង)
*ឌុច ឆ្លើយថា បង នួន អើយនៅស្រម៉ាមប៉ាកទាំងអស់ហ្នឹង (ឌុចកម្ទេចមិនទាន់ព្រោះរត់ចេញពីគុកទួលស្លែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩)
*នួន ជា ឮយ៉ាងដូច្នេះក៏ជេរឌុចថា «អាចោលម្សៀត»។

បើ ឌុច ធ្វើទាន់ គុកទួលស្លែងប្រាកដជាគ្មានឯកសារ សម្រាប់ការចងចាំពិភពលោកទេ។ ស្មេរយល់ថា យុវជនគ្រប់ជាតិសាសន៍ត្រូវមកមើល និងយល់ដឹងដើម្បីចៀសវាងការជាន់ដានប្រវត្តិសាស្ត្រ។

*មេមនោគមន៍វិជ្ជា៖

ឌុចប្រាកដជាទទួលមនោគមន៍វិជ្ជាពីមេធំ គឺ នួន ជា បងធំទី២ បន្ទាប់ពីបងធំទី១ ប៉ុល ពត ព្រោះរឿងនៅទួលស្លែង ឌុច បានសារភាពថា ស្តាប់តែបទបញ្ជាពីបងនួន គឺ នួន ជា នេះឯង។ ជាមនោគមន៍វិជ្ជា ដែលសាយភាយដោយបរទេស ក្នុងដំណាក់កាលសង្រ្គាមត្រជាក់ ជម្លោះរវាងខៀវ និងក្រហម មានមួយអត់មួយ តើបន្សល់ទុកអ្វីខ្លះមកដល់កូនខ្មែរសព្វថ្ងៃ? មិនមែនត្រូវប្រើពេលតិចទេ ដើម្បីស្តារឡើងវិញនោះ ប៉ុន្តែត្រូវរៀនទទួលអ្វីដែលយើងមានព្រោះរងគ្រោះដោយរបបខ្មែរក្រហម គ្មានជាតិសាសន៍ណាជួបប្រទះទេ ខ្ទេចខ្ទីរខ្លាំងណាស់ រហូតដលខ្មែរលែងចង់រស់ជាខ្មែរ។

ជនរងគ្រោះបានទទួលយុត្តិធម៌តាមរយៈការកាត់ក្តីអន្តរជាតិ១ ដែលចូលរួមដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិពិព្រោះថា ឧក្រិដ្ឋកម្មរបស់បនខ្មែរក្រហម មិនមែនប្រឆាំងតែនឹងប្រជាជនកម្ពុជាមួយទេ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

មរណភាពរបស់ ឌុច តាមបណ្តាញសង្គម ប្រជាជនកម្ពុជាបានអហោសិកម្មទៅហើយ ដើម្បីបិទទំព័រដ៏ខ្មៅងងឹតសុន្យសុង និងបើកទំព័រថ្មីដ៏ភ្លឺថ្លា។

ដោយអតីតកុមាររងគ្រោះ នៃរបបអាវខ្មៅ

ពីជួរសមុទ្រកម្ពុជា!