(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយសំដៅដល់រយៈពេលមួយកំណត់ ព្រះយមរាជដោះលែងប្រេត បិតរ ឬជីដូនជីតា ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មានកិច្ចពិធីបោះបាយបិណ្ឌ ពីព្រោះការបោះបាយបិណ្ឌ ឬបាយពំនូតនេះ គឺប្រៀបដូចជា «រូប» សម្រាប់ឲ្យ «នាម» ជាវិញ្ញាណឥតរូបដែលអន្ទោលវិលវល់នោះ មកតោងសណ្ឋិតដើម្បីបង្កើតជា «នាមរូប» ដែលយើងហៅថា «ចាប់ជាតិជាថ្មី» នេះឯង។
ស្ថិតក្នុងន័យនេះ ហើយបានជាកិច្ចពិធីនេះ គេប្រារព្ធនៅជុំវិញព្រះវិហារ នាវេលាម៉ោង៤ជិតភ្លឺនោះ ពីព្រោះព្រះវិហារជានិមិត្ដរូប ដល់ការប្រសូត្រពីផ្ទៃម្ដាយ។ បានន័យថា បាយបិណ្ឌ ពុំមែនជាអាហាររបស់ប្រេតនោះទេ បើសិនជាបាយបិណ្ឌជាចំណីរបស់ប្រេតនោះ គឺគេពុំចំបាច់ងើបពីព្រលឹមម៉ោង៤ទៀបភ្លឺ ទៅបោះនំាឲ្យអត់ងងុយនោះទេ គឺគេអាចរៀបចំម៉ោងណាក៏បានដែរ។
ក្នុងទស្សនៈនេះ បើនិយាយពីការស្លាប់ក្នុងទ្រឹស្ដីសាសនា គឺពុំមែនជាទីបញ្ចប់របស់មនុស្សទ្បើយ ព្រោះបើសិនជាទីបញ្ចប់របស់មនុស្សប្រហែលជាយើងម្នាក់ៗ ពុំបាច់ខំធ្វើបុណ្យទ្បើយ។ បើដូច្នេះអ្វីដែលយើងខំធ្វើបុណ្យទៅ ដល់អ្នកស្លាប់ គឺជាការតម្រង់ផ្លូវទៅតាមគន្លងធម៌នេះឯង។
លោក រ័ត្ន សណ្ដាប់ បានបន្ដថា ក្នុងប្រព័ន្ធជំនឿខ្មែរ «ព្រះវិហារជានិមិត្ដរូបម្ដាយ» រីឯ «សាលាឆាន់ជានិមិត្ដរូបឪពុក»។ ត្រង់ចំណុចនេះ ចំពោះកិច្ចពិធីបោះបាយបិណ្ឌ នាវេលាម៉ោង៤ជិតភ្លឺ គឺជា «វដ្ដ-ពីងងឹតមកភ្លឺ ឬពីស្លាប់នឹងកើតពីផ្ទៃម្ដាយ» នេះឯង។ បានសេចក្ដីថា ក្នុងកិច្ចពិធីនេះ ជាការរំឭកដល់ គុណមាតាបិតា បុព្វការីជន នឹងអ្នកស្លាប់ទំាងឡាយដែលបានបង្កើតយើង ឬបង្កើតលោកនេះ ហៅថា «ទេវតាខាងដើម» ក្នុងការផ្ដល់កំណើត ឬជាគ្រូអាចារ្យដំបូងបំផុត ដែលបានបង្ហាត់បង្រៀនអប់រំយើងឲ្យមានសីលធម៌ និងសេចក្ដីថ្លៃថ្នូររស់នៅក្នុងសង្គម។
បើហេតុនេះ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរដ៏ល្អផូរផង់តំាងពីដើមរៀងមក ដោយពុំត្រឹមតែរំឭក ដល់គុណមាតាបិតា ឬបុព្វការីជនយើងប៉ុណ្ណោះទេ តែក៏ឧទ្ទិសដល់ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះពិរុណ ព្រះចន្ទ ព្រះអាទិត្យ ដែលជាអ្នកបង្កើតលោកនឹងថែរក្សាលោកផងដែរ។
បើដូចនេះចំពោះកូន ប្រុស-ស្រី ដែលបានដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួន គឺកុលបុត្រកុលធីតានោះ មានឈ្មោះថា «ជាមនុស្សដ៏ប្រសើរឧត្ដុង្គឧត្ដម» ទំាងលោកនេះនឹងលោកខាងមុខ។ តែផ្ទុយទៅវិញចំពោះកូនប្រុស-ស្រីណា ដែលមិនគោរពដឹងគុណមាតាបិតា ឬបុព្វការីជនខ្លួន ក៏មានទោសដ៏ធ្ងន់ធ្ងរបំផុត ទំាងលោកនេះ នឹងលោកខាងមុខយ៉ាងដូច្នោះដែរ៕