(កណ្ដាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំលោក-លោកស្រី ជាក្រុមការងាររាប់បាត្រ វេនបិណ្ឌទី០៤ នៅវត្តចំនួន៤ ក្នុងឃុំព្រែកអំបិល និងបានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វេសប្រហែសឡើយ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បាននាំយកម៉ាស ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង នូវទឹកអាល់កុល សាប៊ូលាងដៃ និងថវិកាសម្រាប់ក្រុមការងារឃុំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក កែវ រ៉េមី បានណែនាំលោកមេឃុំ មេភូមិ អនុភូមិ ឱ្យយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឃុំ ពង្រឹងការអភិវឌ្ឍឃុំ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើមានបញ្ហារអសន្តិសុខផ្សេងៗ ជាពិសេសបញ្ហារសុខទុក្ខជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្នាទាំងមូលដោយមិនប្រកាន់និន្នាការបក្សនយោបាយណាមួយនោះឡើយ។
នាឱកាសនោះ លោក កែវ រ៉េមី និងក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់កុមារមួយរូប មានអាយុ២ឆ្នាំកន្លះ នៅភូមិពាមប្រជុំ ដែលមានរូបរាងក្រិនស្គមតូចខ្វះអាហារូបត្ថម្ភ និងបានផ្តល់ថវិកាក្នុងការចាក់គ្រួសជួសជុលផ្លូវមួយខ្សែផងដែរ។ ទន្ទឹមនឹងនេះលោក និងក្រុមការងារ នឹងដង្ហែរអង្គកឋិនទានរបស់ក្រុមការងារចុះជួយឃុំព្រែកអំបិល មកវត្តស្រីអ៊ុប្រសិទ្ធិរតនារ៉ាម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ខាងមុខផងដែរ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតាញាតិកា ទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។
វត្តទាំង៤ ក្នុងឃុំព្រែកអំបិលរួមមាន៖ វត្តព្រែកអំបិល, វត្តពាមប្រជុំ, វត្តអន្លង់តាសេក និងវត្តស្រីអ៊ុប្រសិទ្ធិ។ បន្ថែមពីនេះក្រុមការងារ បាននាំយកទេយ្យវត្ថុរួមមាន៖ អង្ករ សាដក ទឹកសុទ្ធ ទឹកផ្លែឈេី ទឹកក្រូច កន្ត្រកភេសជ្ជ: មីជាតិ ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង នំអន្សម នំបត់ នំគម ផ្លែឈើ បាយម្ហូបស្រាក់ រួមទាំងបច្ច័យផងដែរ៕