(សៀមរាប)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមពិធីកាន់វេន ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៣ នៅវត្តរាជបូព៌ នាថ្ងៃសៅរិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងសង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក អស់លោក លោកស្រី និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានហើយនោះ។
លោក ទៀ សីហា បានសំណេះសំណាល ជាមួយ ព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការថា ក្នុងនាមប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវកញ្ចប់ថវិកា១៥០ដុល្លារ ក្នុងការស្តារឡើងវិញ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខេត្តសៀមរាបចំនួន៣៨ខ្សែ។
ក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកថ្វាយដល់ព្រះសង្ឃ ពុទ្ធបរិស័យ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់នៃជម្ងឺកូវីដ១៩ គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ដោយដុសលាងដៃនឹងទឹកសាប៊ូ អាល់កុល ឬ ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងរក្សានូវគន្លាតសុវត្ថិភាព។
បន្ទាប់មក លោកបានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា នូវគ្រឿងឧបភោគបរិភោគ ចំនួន ១១មុខ និងបច្ច័យ ជាង៦និង៥សែនរៀល និង តាជីយាយជី ៥០នាក់ ម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងប្រាក់១ម៉ឺនរៀលផងដែរ៕