(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវពលរដ្ឋទាំងអស់ ត្រូវចូលរួមបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌនេះ។
លោកថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចូលរួមពិធីកាន់បិណ្ឌ វេនបិណ្ឌទី៤ នៅវត្តសំរោងបុរី ស្ថិតនៅភូមិរៀវ ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌ លោកអភិបាលខេត្តត្បូងឃ្មុំ បានក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវរក្សាគម្លាត កុំប្រមូលផ្តុំជួបជុំ ត្រូវពាក់ម៉ាស់ និងរក្សាអនាម័យដោយលាងដៃ ជាមួយអាកុល ឬសាប៊ូ ឲ្យបានជាប់ជាប្រចាំ។
ដោយសទ្ធាជ្រះថ្លា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគេនបច្ច័យដាក់ជើងបិណ្ឌទី៤នេះ ទុកកសាងសមិទ្ធិផលជាបន្តក្នុងវត្តសំរោងបុរី ចំនួន ៧,៧០០០,០០០រៀល
ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃនៅទីអារាមមួយនេះផងដែរ៕