(ភ្នំពេញ)៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ជាខួបពីរឆ្នាំហើយ ដែលទេវតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner បានចាកចោលកុមារកម្ពុជាគ្មានថ្ងៃត្រឡប់។ ដើម្បីរំលឹកដល់គុណូបការៈដ៏មហាសាលរបស់លោកវេជ្ជបណ្ឌិត និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកផងនោះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានរៀបចំពិធីបុណ្យបង្សុកូលជូនដល់វិញ្ញាណក្ខន្ធរបស់លោក។
លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរពេទ្យទាំងនៅភ្នំពេញ និងសៀមរាប តែងតែបានប្រារព្ធបុណ្យបង្សុកូលតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។ បើតាមលោក គី សន្ទី ការរៀបចំពិធីបុណ្យនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត Beat Richner ផង ហើយក៏ដើម្បីរលឹកនឹកដល់គុណូបការៈដែលលោកបានធ្វើពលិកម្មសម្រាប់កុមារកម្ពុជាកាលពីលោកនៅមានជន្មាយុផងដែរ។
លើសពីនោះទៀត ពិធីបុណ្យនេះ ក៏ដើម្បីឧទ្ទិសកុសលដល់ វេជ្ជបណ្ឌិត ភីទ័រ ស្ទូដ័រ សហស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងកុមារៗ ដែលបានបានបាត់បង់ជីវិត ដោយសារតែជំងឺក្នុងមន្ទីរពេទ្យ ដោយមិនអាចសង្គ្រោះបានផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត គី សន្ទី។
សូមរំលឹកថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅឯប្រទេសកំណើតរបស់លោក។ លោកវេជ្ជបណ្ឌិត Beat Richner ជាជនជាតិស្វីស ប៉ុន្តែស្ទើរមួយជីវិតរបស់លោក បានលះបង់គ្រប់បែបយ៉ាង ក្នុងការជួយព្យាបាលពុំយកប្រាក់កម្រៃ ដើម្បីបម្រើជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ជាពិសេសជួយដល់កុមារកម្ពុជា។
ការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិត នាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រសិទ្ធនាមលោកជា «បិតាមនុស្សធម៌សម្រាប់កម្ពុជា»។ ពលិកម្មដ៏ថ្លៃថ្លា និងធំធេងរបស់លោក ធ្វើឱ្យប្រជាជាតិខ្មែរ បេះដូងកុលបុត្រខ្មែរចងចាំ និងដឹងគុណពុំអាចបំភ្លេចបានឡើយ។ ការឃ្លាតឆ្ងាយពីភពផែនដីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកសង្រេង នឹកស្រណោះជាខ្លាំង៕