(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់តួនាទីជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាប្រធាន អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀមរាបនេះផងដែរ ជាមួយស្ថាប័នពាក់ព័ន្ធ៕