(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចនាំយកគ្រឿងចក្រទៅឈូសឆាយ និងដឹកកម្ទិចថ្មចាក់ក្រាល ដើម្បីបើកផ្លូវ១ខ្សែ បើទោះបីជារដ្ឋបាលខណ្ឌ ពុំទាន់មានកញ្ចប់ថវិកា ឫតម្រូវការចាំបាច់ណាមួយ ក្នុងគម្រោងស្ថាបនាជាផ្លូវបេតុង និងដោះស្រាយបញ្ហាមួយចំនួនទៀត ជាមួយម្ចាស់ក្បាលដីពាក់ព័ន្ធផ្លូវ១ខ្សែនេះ យ៉ាងណាក៏ដោយ។
ការសម្រេចបើកផ្លូវ១ខ្សែ ដែលមានព្រុំប្រទល់ខាងកើតជាប់ផ្លូវលេខ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) ខាងលិចជាប់ផ្លូវលេខ១៨០០ មានទទឹង២០ម៉ែត្រ និងប្រវែងជិត១គីឡូម៉ែត្រ របស់រដ្ឋបាល ខណ្ឌឫស្សីកែវនេះ បានអនុវត្តឡើង ក្រោយពីរដ្ឋបាលខណ្ឌ ទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
សកម្មភាពក្នុងការនាំយកគ្រឿងចក្រទៅឈូសឆាយ និងដឹកកម្ទិចថ្មចាក់ក្រាល ដើម្បីបើកផ្លូវ១ខ្ស ក្រោយពីរដ្ឋបាលខណ្ឌ ទទួលបានសំណូមពររបស់ប្រជាពលរដ្ឋនេះដែរ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពីប្រធានតាមបណ្ដាការិយាល័យជុំនាញដែលពាក់ព័ន្ធមួយចំនួនទៀត។
លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា «យោងទៅតាមស្ថានភាពជាក់ស្ដែង ដោយសារពេលនេះជារដូវវស្សា ប៉ុន្តែមុនក្រោយគឺត្រូវតែបើកទម្លុះផ្លូវ១ខ្សែនេះដាច់ខាត ហើយបន្ទាប់ពីបើកផ្លូវ១ ខ្សែនេះរួចរាល់ ក៏គ្មានអ្នកធ្វើដំណើរដែរ ដោយសារ (មានតែក្បាលដីឡូត៌ តែគ្មានអ្នករស់នៅឡើយ) បើទោះបីជាអាជ្ញាធរ ពុំទាន់មានកញ្ចប់ថវិកា ឫតម្រូវការចាំបាច់ ក្នុងគម្រោងស្ថាបនាជាផ្លូវបេតុង ឫដោះស្រាយបញ្ហាមួយចំនួនទៀត ជាមួយម្ចាស់ក្បាលដីពាក់ព័ន្ធ យ៉ាងណាក៏ដោយ ដូច្នេះក្នុងនាមអាជ្ញាធរ ចាំបាច់ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ»៕