(កំពង់ឆ្នាំង)៖ ដោយបានទទួលដំណឹងថា វត្តក្រឡាញ់ចាស់ មិនមានពុទ្ធបរិស័ទកាន់បិណ្ឌគ្រប់វេន ក្នុងរយៈពេល ១៥ថ្ងៃ នាព្រលប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ រួមនិងក្រុមការងារ បាននាំយកទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំ ទៅប្រគេនព្រះចៅអធិការវត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទេយ្យវត្ថុ រួមមាន៖ អង្ករ ១តោន, ទឹកត្រី, តែ, ស្ករស, កាហ្វេ, សាប៊ូ, ប៊ីចេង, ទឹកស៊ីអ៊ីវ, មី២កេសធំ, ត្រីខ ១កេសធំ, ជេលលាងដៃ, ថ្នាំពេទ្យ១កេស, ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់ ២កេស និងបច្ច័យចំនួន១លានរៀល។
ព្រះចៅអធិការមានសង្ឃដីកា សូមឲ្យផល្លានិសង្ឃទាំងអស់នេះបានជូនទៅដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងវិញ្ញាណក្ខន្ធញាតិការ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកទទួលយកមនុញ្ញផល និងសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕