(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមចំណែកដល់ការពង្រឹងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដឹកនាំដោយលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានរៀបចំវេទិកាស្តីពី «តួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ» ដើម្បីផ្សព្វផ្សាយដល់តំណាងអង្គការសង្គមស៊ីវិលនៃខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ព្រមទាំងបានសម្របសម្រួលជាមួយរដ្ឋបាលនៃខេត្តទាំងនេះ ដើម្បី ធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី២ នៅតាមទីសាធារណៈសំខាន់ៗ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
តំណាងអង្គការសង្គមស៊ីវិលបានសម្តែងអំណរសាទរចំពោះការរៀបចំឱ្យមានវេទិកាបែបនេះ ដែលបានផ្តល់ឱកាសឱ្យអង្គការសង្គមស៊ីវិលបានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ជាពិសេសអាចចូលរួមផ្សព្វផ្សាយបន្តដល់សហគមន៍និងមូលដ្ឋានរបស់ខ្លួន និងជំរុញការលើកកម្ពស់ជីវភាពគ្រួសារក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដោយផ្តោតលើវិស័យកសិកម្ម ពិសេសការដាំបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីតាមគ្រួសារ។
ជាមួយគ្នានេះ ក្រោមកិច្ចសម្របសម្រួលរបស់ វ.ស.ស. សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប កងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី២ នៅតាមទីសាធារណៈក្នុងខេត្តទាំង៤នេះ ដោយបានបាញ់ថ្នាំសម្លាប់មេរោគនៅ ១២ទីតាំង រួមមានសាលារៀន មន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ផ្សារ សួនច្បារជាដើម ដែលមានផ្ទៃក្រឡាសរុបប្រមាណ ៤១៥៨៣ម៉ែត្រក្រឡា។
អង្គការសង្គមស៊ីវិលនិងរដ្ឋបាលខេត្តបានគាំទ្រចំពោះប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ដែលធ្វើឡើងស្របតាមកាលៈទេសៈសមស្រប ហើយ វ.ស.ស. គួរបន្តសកម្មភាពដ៏មានសារៈសំខាន់នេះនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត៕