(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំមួយដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះ ធ្វើឡើង ក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីរាជកាជុំវិញខេត្តជាច្រើនរូបទៀត។
លោក ណុប ដារ៉ា កិច្ចប្រជុំនេះ មានសារសំខាន់ណាស់ ដែលបានបង្ហាញជាសត្យានុម័ត អំពីការរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានតម្លៃជាសាកលគឺជាការរួមចំណែកយ៉ាងពេញទំហឹង ក្នុងការធ្វើឱ្យប្រសើឡើងនូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ និងកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដោយឡែកសម្រាប់ខេត្តបាត់ដំបង ក្រោមការគិតគូរយកចិត្តទុកដាក់តម្រង់ទិសអនុវត្តការងារដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ហើយក៏មានការចង្អុលបង្ហាញពី លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា ករណីគ្រឿងញៀន គឺជារឿងឧក្រិដ្ឋកម្មមានចរិកខុសពីបទល្មើសផ្សេងៗ និងមិនអាចលើកលែងបានការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន របស់រាជរដ្ឋាភិបាលមានរយៈពេល៥ឆ្នាំ មកហើយ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់កម្លាំងសរុបមធ្យោបាយ សរុប និងវិធានការសរុបខិតខំសហការប្រមែប្រមូលព័ត៌មានភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់ នាំចូលគ្រឿងញៀនពីខាងក្រៅទាំងការយកមកចែកចាយ ជួញដូរ ក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែន ទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់ កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ផ្ដោតទៅលើគោលការណ៍ទាំង៩ចំណុច ដែលពាក់ព័ន្ធការងារត្រួតពិនិត្យគ្រឿងញៀន ជាពិសេសសម្រាប់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២០៕