(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបជនសង្ស័យបន្ថែម២នាក់ប្រុស-ស្រីទៀត ដែលជួញដូរគ្រឿងញៀន ហើយដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ធំ និង០១កញ្ចប់តូច ទម្ងន់៥៩៨,៤៨ក្រាម (ប្រាំរយកៅសិបប្រាំបីក្រាមសែសិបប្រាំបី) និងកូនថង់ទុកច្រកគ្រឿងញៀនមួយចំនួន ជាមួយរថយន្ដទំនើប១គ្រឿងផងដែរ បន្ទាប់ពីកម្លាំងការិយាល័យដដែលនះ តាមបង្ក្រាបជាក់ស្ដែងករណីវិធានញុះញុង រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មម ម៉ូតូ១គ្រឿង រថយន្ដ១គ្រឿង និងទូរស័ព្ទដៃ ចំនួន២គ្រឿងផ្សេងទៀត។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គឺប្រតិបត្តិការនៃការតាមស្រាវជ្រាវបង្ក្រាបបានអនុវត្តឡើង ស្ថិតនៅចំណុចហាងកាត់សក់ ផ្ទះលេខ E51 ផ្លូវបេតុង ក្រុមទី១ ភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងស្ថិតនៅនៅចំណុចមុខហាងម៉ាស្សាCK ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនិងស្ថិតនៅចំណុចក្នុងចំការពោត ផ្លូវលំ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្ដកំពត នាថ្ងៃទី៨-៩ ពោលគឺរយៈពេល២ថ្ងៃជាប់គ្នា ខែកញ្ញា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច បញ្ជាក់ថា ជនសង្ស័យដែលកម្លាំងការិយាល័យជុំនាញតាមបង្ក្រាបបានក្នុងករណីជួញដូរគ្រឿងញៀននេះទី១-ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឈ្មោះ ស៊ឹម សេរី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនចិន ស្នាក់នៅបន្ទប់ជួលលេខ B6 ភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ឯទី៤-ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ។
លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច បញ្ជាក់ទៀតថា ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជាក់ស្ដែង និងឈានដល់ការបន្តតាមស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀននេះដែរ គឺបានអនុវត្តឡើងតាមវិធានការជំនាញជំហ៊ានដំបូង ដោយសារការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ វ៉ន ឯម ដែលមុខរបររើសអេតចាយ ទើបលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុភ័ក្រ ដែលមានមុខរបររត់ម៉ូតូឌុប នៅខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។
លោកវរសេនីយ៍ឯក នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ស្ថិតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការអនុញ្ញាតពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងនោះ នៅក្នុងរង្វង់នៃកិច្ចប្រតិបត្តិការបន្តបង្ក្រាបគ្រឿងញៀននេះ, កម្លាំងការិយាល័យជុំនាញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សេរី ដែលមានមុខរបរជាបុគ្គលិកក្រុមហ៊ុនចិន នៅមុខហាង ម៉ាស្សាCK ខណ្ឌសែនសុខ ដែលជាអ្នកទទួលយកកេះវត្ថុតាង (គ្រឿងញៀន) ទៅវិញ» ពីឈ្មោះ កុត សារេង មានមុខរបររត់តាក់ស៊ី ហើយដកហូតបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿងទៀត។
លោក រ៉ឹម ម៉ិច បញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សេរី ដែលមានមុខរបរជាបុគ្គលិកក្រុមហ៊ុនចិន, កម្លាំងការិយាល័យជុំនាញ បានបន្តប្រតិបត្តិទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ នៅខណ្ឌពោធិ៍សែនជ័យ គ្មានរកឃើញអ្វីក្រៅពីទូរស័ព្ទដៃ២គ្រឿង និងសៀវភៅស្នាក់នៅ (ក២) ចំនួន១នោះទេ ទើបសម្រេចប្រគល់បន្ទប់ជួលខាងលើឱ្យម្ចាស់ផ្ទះជាអ្នកគ្រប់គ្រងបន្ត។
លោក រ៉ឹម ម៉ិច អះអាងថា ក្នុងរង្វង់នៃប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបគ្រឿងញៀននេះ មិនត្រូវបានបញ្ចប់នោះទេ រហូតមកដល់រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដោយអនុវត្តតាមវិធានការជំនាញ និងតាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ស៊ឹម សេរី ដដែលនេះ, កម្លាំងការិយាល័យជុំនាញ បានតាមស្រាវជ្រាវរហូតដល់ស្រុកឈូកខេត្ដកំពត ហើយឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់បន្ថែមទៀតឈ្មោះ ហេង សុខឃីម និងដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ថង់ធំ មានទម្ងន់៥៩៨,៤៨ក្រាម (ប្រាំរយកៅសិបប្រាំបីក្រាមសែសិបប្រាំបី) រថយន្ដម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7674 និងបន្ដធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យជាស្ត្រីរូបនេះ រកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់ថង់តូច និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនិងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី)។ ជាមួយគ្នានេះដែរ ចំពោះទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ ដែលជាទីតាំងរបស់ស្ត្រីជួញដូរគ្រឿងញៀន ត្រូវបានលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដតាកែវ សម្រេចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន។
លើសពីនេះ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ដែលពាក់ព័ន្ធទាំងអស់ យកមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការបន្តសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សូមជម្រាប ដោយមានការបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ និងស្ថិតក្រោមការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្ដែងករណីជួញដូរគ្រឿងញៀន នូវជុំហ៊ានដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មម រថយន្ដ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
នេះបើតាមការបញ្ជាក់ជារបាយការណ៍របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានរាយការជូនឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងគោរពជូនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
របាយការណ៍របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីអនុវត្តវិធានញុះញង់ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់, កម្លាំងរបស់ការិយាល័យបានបន្តស្រាវជ្រាវភ្លាមៗតាមជុំនាញ រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់បន្ថែមទៀត ហើយដកហូតបានម៉ូតូ១គ្រឿង ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕