(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) បានជួបប្រជុំតាមរយៈ video conference ជាមួយ លោក David Cowen ប្រធានការិយាល័យអភិវឌ្ឍធនធានមនុស្សរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅប្រទេសថៃ (IMF-CDOT) លោក Jun Iwasaki ទីប្រឹក្សាផ្នែកប្រតិបត្តិការគោលនយោបាយរូបិយវត្ថុ និងប្ដូរប្រាក់នៃការិយាល័យ IMF-CDOT និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា រួមនឹងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារ និងថ្លែងអំណរគុណពីការផ្តល់ប្រឹក្សាជំនួយបច្ចេកទេសកន្លងមកសម្រាប់ធនាគារជាតិនៃកម្ពុជា។
ក្នុងអំឡុងពេលនៃបេសកកម្មរបស់លោកទាំងពីរ ធនាគារជាតិនៃកម្ពុជា បានទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សទៅលើគោលនយោបាយ និងប្រតិបត្តិការរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ការវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាដើម។
ក្នុងឱកាសនោះ ក៏មានការពិភាក្សាលើកឡើងពីទិសដៅជាអាទិភាពសម្រាប់ជំនាញការថ្មីដែលនឹងមកបន្តបេសកកម្មនាពេលខាងមុខផងដែរ៕