(កណ្ដាល)៖ លោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បន្តក្រើនរំឭកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តអនុវត្តតាមវិធានសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ បន្ថែមទៀត នាឱកាសកាន់បិណ្ឌ ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យបានគ្រប់ទីកន្លែង។
ការក្រើនរំឭកបែបនេះរបស់លោកបណ្ឌិត គង់ សោភ័ណ្ឌ នេះនៅគ្រាដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទសូត្រមន្តដាក់បិណ្ឌទី៩ នៅវត្តកៀនស្វាយក្រៅ ស្ថិតក្នុងស្រុកកៀនស្វាយ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ដោយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យមកបូជាចំពោះព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
លោកបណ្ឌិត គង់ សោភ័ណ្ឌ បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសប្បាយរីករាយនឹងការធ្វើបុណ្យធ្វើទាន គ្រប់រដូវកាលដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែប្រទេសមានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរធារ កត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។
លោកបណ្ឌិត គង់ សោភ័ណ្ឌ ក៏បានបន្ថែមទៀតថា ការដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឱ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួរជម្រាបជូនថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។
សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យដែលលោកអភិបាលខេត្តបានយកមកប្រគេនដល់ព្រះសង្ឃក្នុងពិធីនេះរួមមាន៖ អង្គរ ១០បាវ ស្មើ៥០០គីឡូក្រាម, ទឹកសុទ្ធ ១០កេស, Coca-Cola ១០កេស, មី ១០កេស, ត្រីខកំប៉ុង១០យួរ និងបច្ច័យចំនួន ៨លានរៀល ព្រមទាំងបានប្រវរណាប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២០អង្គ ក្នុងនោះព្រះអនុគណស្រុក ប្រគេនបច្ច័យ ៦០ម៉ឺនរៀល រីឯព្រះសង្ឃ១៩អង្គទៀត ក្នុងមួយអង្គប្រគេនបច្ច័យ១០ម៉ឺនរៀល ដោយឡែក យាជី តាជីចំនួន ២០០នាក់ និងកម្លាំងប្រជាការពារចំនួន៦០នាក់ បានជូនថវិកា ក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀលផងដែរ៕