(វៀតណាម)៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ចាប់តាំងពីការបង្កើតនាឆ្នាំ១៩៦១ គឺជាលើកទី១ហើយដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ឈានមកដល់សមភាព ល្អឥតខ្ចោះ ក្នុងការបែងចែកតួនាទីថ្នាក់ដឹកនាំរបស់ខ្លួនទាំងនៅទីស្នាក់ការកណ្តាល ទាំងនៅតាមតំបន់នានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUF។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រុមថ្នាក់ដឹកនាំដែលរៀបចំថ្មីនេះ មានសមត្ថភាពអន្តរជាតិកំរិតខ្ពស់ នឹងផ្តល់អាទិភាពដល់ការជំរុញឡាហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនៅលើពិភពលោក និងការរៀបចំយុទ្ធសាស្ត្រ AUF ២០២១-២០២៥ ថ្មី។ យុទ្ធសាស្ត្រនេះផ្តោតជាសំខាន់លើលទ្ធផលនៃការពិគ្រោះយោបល់ពិភពលោករបស់ AUF ដែលបានធ្វើឡើងនាខែកក្កដា កន្លងទៅថ្មីៗនេះ ជាមួយនឹងគ្រឹះស្ថាន១០០៧ ជាសមាជិករបស់ខ្លួន នៅក្នុង ១១៩ប្រទេសជុំវិញពិភលោក។ គឺជាការធ្វើអង្កេតជាលក្ខណៈអន្តរជាតិដែលមិនធ្លាប់មាន និងក្នុងទ្រង់ទ្រាយធំស្តីអំពីតម្រូវការទាំងឡាយ ដែលសម្តែងចេញពីភាគីពាក់ព័ន្ធផ្សេងៗ មានដូចជាគ្រឹះស្ថានសមាជិក ថ្នាក់ដឹកនាំ និស្សិត និងដៃគូរស្ថាប័ន ស្ថាប័ន នយោបាយ និងដៃគូរសេដ្ឋកិច្ច។
ការផ្លាស់ប្តូរជាគំរូនេះត្រូវបានគាំទ្រដោយក្រុមការងារដែលធានានូវសមភាព។ ជាឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តដែលបានបង្ហាញដំបូងដោយ AUF ដោយយោងទៅលើស្ថាប័នអភិបាលកិច្ច ដែលបានអំពាវនាវជាយូរមកហើយអំពីភាពស្មើភាពគ្នា ហើយដែលបានអនុម័តនៅឆ្នាំ២០១៨ នូវគោលនយោបាយ «សមភាពយេនឌ័រ» ដែលសម្រេចបានជាក់ស្តែងនៅថ្ងៃនេះ ដោយសាកលវិទ្យាធិការ លោក Slim Khalbous នាឱកាសប្រកាសចូលកាន់តំណែងរបស់នាយិកា និងនាយកប្រចាំតំបន់នានា៖ «ខ្ញុំមានមោទនភាពជាពិសេសដែលយើងអាចឈានមកដល់ សមភាពល្អឥតខ្ចោះរវាង ស្ត្រី-បុរស ក្នុងតួនាទីខុសៗគ្នា នៃថ្នាក់ដឹកនាំនាថ្នាក់កណ្តាលក៏ដូចជាថ្នាក់តំបន់ ជាសក្ខីភាពបង្ហាញនូវការវិវត្តន៍ផ្នែកសង្គម រូមចំណែកជានិច្ចកាលក្នុងឆន្ទៈនយោបាយ»។
នាយកចំនួន៥រូប និងនាយិកា៥រូប ទទួលបន្ទុកបច្ចុប្បន្នគ្រប់គ្រងទីស្នាក់ការតំបន់ទាំង១០ របស់ AUF នៅលើពិភពលោកទាំងមូល។ ក្នុងចំណោមថ្នាក់ដឹកនាំទាំងនេះ លោក Jean-Marc Lavest បានចាប់ផ្តើមអាណត្តិការងារជានាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២០។
លោក Jean-Marc Lavest បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកទស្សនវិស័យសប្បនិមិត្ត នៃសាកាលវិទ្យាល័យ Université Blaise Pascal - Clermont-Ferrand, ជាសាស្ត្រាចារ្យសាកល វិទ្យាល័យ ជាច្រើន មានសមត្ថភាពគ្រប់គ្រងការស្រាវជ្រាវ។
ក្នុងជីវិតការងាររបស់លោក Jean-Marc Lavest ធ្លាប់ធ្វើការជាអ្នកទទួលខុសត្រូវជាច្រើនជាបន្តបន្ទាប់៖ អនុប្រធានសាកលវិទ្យាល័យ Université d’Auvergne, នាយកវិទ្យាស្ថានបច្ចេកវិទ្យា Auvergne, Institut universitaire de technologie d’Auvergne, នាយកវិទ្យាស្ថានបារាំងនៃមេកានិច្ចឈានមុខ Directeur de l’Institut français de mécanique avancée ហើយលោកក៏ធ្លាប់ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបារាំងប្រចាំនៅប្រទេសអាម៉េនី Arménie ផងដែរ។
សូមបញ្ជាក់ថា AUF គឺជាបណ្តាញទី១ នៃសាកលវិទ្យាល័យពិភពលោក ដែលមានគ្រឹះស្ថានចំនួន១០០៧ ជាសមាជិកមានវត្តមានក្នុងប្រទេសចំនួន១១៩ និងមានការិយាល័យ៥៩ ស្ថិតក្នុងទ្វីបទាំង៥។ គឺជាប្រតិបត្តិករឯកទេសផ្នែកស្រាវជ្រាវនិងចំណេះដឹងនៃអង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំងដែលបង្កើតឡើងជិត៦០ឆ្នាំមកហើយ AUF ធ្វើអន្តរាគមន៍លើវិស័យជាច្រើនដូចជាការបណ្តុះបណ្តាល ការស្រាវជ្រាវ ឌីជីថល អភិបាលកិច្ចសាកលវិទ្យាល័យ សហគ្រិនភាព និងភាពទទួលបានការងារនៃនិស្សិត ឬលើសនេះ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព www.auf.org ៕