(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ស្ត្រីម្នាក់ ក្រោយសម្លាប់ប្តីខ្លួនឯងដោយដំបងឈើគ្រញូង ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះថា ជនសង្ស័យមានឈ្មោះ វិន សែន អាយុ៣១ឆ្នាំ។ ចំណែកជនរងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា នៅវេលាម៉ោង ០៨៖៤០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយត្រូវជនសង្ស័យយកដំបងឈើគ្រញូងវាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ច បានកំណត់គោលដៅច្បាស់លាស់ថា ករណីឃាតកម្មនេះ គឺស្ត្រីជាប្រពន្ធជាអ្នកសម្លាប់ តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួន ដោយទុកឱកាសឱ្យជនសង្ស័យបានធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន។

លោកថា ក្រោយបញ្ចុះសពប្តីរួច ស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែន មូលហេតុដោយសារខឹងប្តីតែងតែផឹកស្រា និងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើក រហូតធ្វើឱ្យខ្លួនមានការគំនុំ ថាថ្ងៃណាមួយនឹងសម្លាប់ប្តីឱ្យបាន។

បច្ចុប្បន្ន ស្ត្រីជាជនដៃដល់ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ដស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕