(ព្រះវិហារ)៖ លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានលើកឡើងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ទើបធ្វើឱ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នា អាចប្រកបមុខរបរដោយសេរី និងជាពិសេសបានផ្តល់ឱកាសសម្រាប់ធ្វើបុណ្យទានផ្សេងៗ។
ការលើកឡើងបែបនេះរបស់លោក ជា សែ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តជីអោក ស្ថិតក្នុងភូមិជីអោក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោក ជា សែ បានជម្រាបជូនព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋ ពីការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិទាំងវិសយ័ពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ជា សែ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
បន្ទាប់ពីបានសូមមន្តរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុប្វការីជនដែលបានចែកឋានរួចមក លោក ជា សែ និងក្រុមការងារ បានប្រគេនបច្ចយ័ដល់ព្រះសង្ឃនៅវត្តជីអោក ដោយមានបច្ច័យកសាងវត្តចំនួន ១,២៥៩,៥០០រៀល ប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃ៨អង្គ ក្នុង១អង្គ ៤០ម៉ឺនរៀល និងវត្តសុវណ្ណគិរី ហៅវត្តភ្នំដែក បច្ច័យកសាងវត្តចំនួន ១,២៥៤,៥០០រៀល ប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃ៣០ម៉ឺន ឃុំរមណីយ៍ វត្តសុវណ្ណរតនៈ បច្ច័យកសាងវត្តចំនួន ១,៣៣១,៥០០រៀល ប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃ ២៥ម៉ឺនរៀល វត្តស្វាយដំណាក់ ១,៣៥០,៥០០ រៀល ប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃ ៣០ម៉ឺនរៀល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ៕