(កោះកុង)៖ អង្គការ WCS បានចែកចាយរូបភាព និងវីដេអូបង្ហាញអំពីកូនក្រពើត្រី (Siamese crocodile) ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ទើបនឹងញាស់ចំនួន ១៥ក្បាល កំពុងហែលនៅក្នុងបឹងធម្មជាតិមួយ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោងតាមសេក្តីប្រកាសព័ត៌មានរបស់អង្គការ WCS។
តាមសេក្តីប្រកាសព័ត៌មានរបស់អង្គការ WCS បានឱ្យដឹងថា រូបភាពទាំងនេះ ថតបានដោយក្រុមការពារសំបុកក្រពើត្រីនៃអង្គការ WCS ក្នុងកំឡុងពេលចុះល្បាត សហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង។
ក្រុមការងារខាងលើ បានប្រទះឃើញកូនក្រពើត្រីចំនួន ១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិ នៃតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់ មួយរបស់ក្រពើប្រភេទនេះ។ ក្រុមការងារបានកត់សម្គាល់ឃើញថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិច បឹងនៅក្នុងតំបន់ ដីសើមនេះកាន់តែរាក់ទៅៗដែលធ្វើឱ្យប៉ះពាល់ ដល់ទីជម្រករបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្រពើត្រីត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក។ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្ន វត្តមានរបស់ក្រពើប្រភេទនេះស្ទើរតែផុតពូជនៅក្នុងប្រទេសវៀតណាម-ថៃ និងមាននៅសេសសល់តិចតួចក្នុងប្រទេសឡាវ និងឥណ្ឌូនេស៊ី។ តាមការសិក្សាស្រាវជ្រាវកន្លងមក វត្តមានសត្វក្រពើប្រភេទនេះប្រហែលជា ៥,០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថាជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត។
ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា៖ ការបាត់បង់ទីជម្រក និងការប្រមាញ់ខុសច្បាប់លើក្រពើជំទង់ និងការប្រមូលយកកូនតូច និងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើ នៅក្នុងប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ។
អង្គការ WCS បាននិងកំពុងអនុវត្តកម្មវិធីអភិរក្សមួយចំនួន ដើម្បីការពារប្រភេទនេះកុំឱ្យផុតពូជ។ គម្រោងបានដាក់បញ្ចូលក្រុមអតីតអ្នកប្រមាញ់ ដើម្បីចូលរួមស្វែងរក និងការពារសំបុក នៅក្នុងធម្មជាតិ។ តាមរយៈការ អនុវត្តច្បាប់ក្រុមល្បាតចម្រុះដែលរួមមានមន្ត្រីរដ្ឋបាលជលផល និងសមាជិកសហគមន៍មូលដ្ឋានបានចុះប្រមូលយក ឧបករណ៍នេសាទខុសច្បាប់ ដែលអាចទាក់ជាប់សត្វក្រពើត្រី និងទប់ស្កាត់ការបំផ្លាញទីជម្រករបស់វា។
ដោយការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋានអំពីការអភិរក្សប្រភេទនេះ ជាការងារសំខាន់ ដូច្នេះគម្រោងស្នើសុំឱ្យមានការចូលរួមយ៉ាងសកម្ម ពីសហគមន៍មូលដ្ឋានដើម្បីឈានទៅ សម្រេចផែនការសកម្មភាពអាទិភាពមួយចំនួនមានដូចជា ការបង្កើនជីវភាពសហគមន៍តាមរយៈជំនួយ បច្ចេកទេស វារីវប្បកម្ម និងដើម្បីធានាថាពួកគាត់មិនធ្វើសកម្មភាពនេសាទខុសច្បាប់ចូលទៅក្នុងតំបន់ដីសើម ដែលជាទីជម្រករបស់ក្រពើត្រីនោះទេ។ សកម្មភាពអភិរក្សមួយទៀតគឺការយកកូនក្រពើទៅចិញ្ចឹមថែទាំឱ្យធំ មុនយកទៅលែងក្នុងធម្មជាតិនឹងជួយធ្វើឱ្យចំនួនក្រពើត្រីនៅក្នុងធម្មជាតិកើនឡើងវិញ៕