(កណ្ដាល)៖ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នូល បានដឹកនាំមអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងគណៈបញ្ជាការឯកភាពស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ទូទាំងស្រុក ព្រមទាំងសិស្សសាលា សរុបជាង១ពាន់នាក់ ចុះសម្អាតបរិស្ថាន និងរើសសំរាម នៅតាមដងផ្លូវនានា ពិសេសគឺតាមដងផ្លូវជាតិលេខ៤ និងតំបន់ទីផ្សារ ទូទាំងស្រុក។
សកម្មភាពសម្អាតបរិស្ថាននេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈលោកអភិបាលស្រុក បានបំផុសឱ្យមានការស្រលាញ់ និងចូលរួមថែទាំបរិស្ថានឲ្យល្អស្អាតជានិច្ច។
ស្ថិតក្នុងឱកាសនេះ លោកអភិបាលស្រុកអង្គស្នួល បានលើកឡើងថា សំរាមគឺជាបញ្ហាប្រឈមចំពោះមុខរបស់ស្រុកអង្គស្នួល ដែលត្រូវដោះស្រាយជាប្រចាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សំរាមបាននាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សោភ័ណ្ឌភាពបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋជាដើម។
លោកបានបន្តថា ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលស្រុក បញ្ហាសំខាន់ទី១ដែលលោកត្រូវធ្វើ គឺបញ្ហាសំរាមនេះតែម្តង ដោយលោកបានចែកធុងសំរាមជាង ៥០០ធុង ,ឡដុតសំរាមខ្នាតតូចជាង៣០០ និងឡដុតសំរាមខ្នាតធំស្តង់ដារ ចំនួន២ ដែលជាការឧបត្ថម្ភដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល ដោយបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ប្រមូលសំរាម ចំនួន១ ដែលត្រូវដើរប្រមូលសំរាមជារៀងរាល់ថ្ងៃគ្រប់លំនៅដ្ឋានទូទាំងស្រុក។
លោកអភិបាលស្រុក បានបន្តទៀតថា «ថ្ងៃនេះយើងបានគៀរគរឲ្យមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ជាពិសេសគឺយុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ក្នុងបំណងអប់រំ ផ្ញើសារ ក៏ដូចជាងដាស់តឿនយុវជនដែលជាទំពាំងស្នងឬស្សី ជាកោសិកាមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិក៏ដូចជា ស្រុក-ភូមិ របស់យើងទាំងអស់គ្នា និងបំផុសទឹកចិត្តឲ្យពួកគាត់ចូលរួមយ៉ាងសកម្មសម្អាតបរិស្ថានឲ្យបានជាប្រចាំ ក៏ដូចជាបង្ហាញដល់មហាជន ឲ្យគាត់បានយល់ដឹងអំពីផលប៉ះពាល់នៃសំរាម បញ្ហាបរិស្ថាន និងជំរុញឲ្យចូលរួមទាំងអស់គ្នាដើម្បីសម្រេចនូវគោលបំណងរួមមួយគឺ៖ រួមគ្នាដើម្បីអង្គស្នួលស្អាត»។
គួរជម្រាបថា ស្រុកអង្គស្នួល មានប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ មានរោងចក្រសហគ្រាសប្រមាណជាង ១០០រោងចក្រ សហគ្រាស ដូច្នេះហើយមានកម្មករ កម្មការិនី ដែលមកបំពេញការងារនៅតាមរោងចក្រទាំងស្នាក់នៅក្នុងស្រុក និងមកពីខេត្ត ស្រុកដទៃទៀតនៅស្រុកអង្គស្នួលជារៀងរាល់ថ្ងៃ។ ក្នុងនោះការលក់ដូរចំណីអាហារ ភេសជ្ជៈ និងមុខរបរចល័តនៅតាមមុខរោងចក្រវានាំឲ្យមានការវេចខ្ចប់ដោយប្រើប្រាស់ថង់ផ្លាស្ទិកច្រើនលើសលប់ ពិសេសគឺចានស្នោ ស្លាព្រាជ័រ និងកំប៉ុងផ្លាស្ទិក ត្រូវបានបោះចោលពាស់វាលពាស់កាលជារៀងរាល់ថ្ងៃ ហើយត្រូវបានអភិបាលស្រុកអំណាវនាវ ឱ្យកែប្រែឥរិយាបថមិនល្អចេញ តែត្រូវមកចូលរួមថែទាំបរិស្ថានទាំងអស់គ្នាវិញទើបល្អប្រសើរ៕