(ភ្នំពេញ)៖ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទទួលបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមការងារបច្ចេកទេស អញ្ជើញទស្សនកិច្ច និងចុះអនុស្សរណៈយោគយល់គ្នា ស្តីពី ការបើកដំណើរការសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តឡើងវិញ។
ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ការរៀបចំ និងត្រៀមលក្ខណៈរបស់សាកលវិទ្យាល័យ ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង ក្នុងការឆ្លើយតបទៅនឹងស្តង់ដារអនាម័យ ក៏ដូចជាវិធានការពារសុខភាព។ លើសពីនោះ ការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងការចែករំលែកព័ត៌មាន និងការអប់រំ ពីហានិភ័យពីការឆ្លងជំងឺកូវីដ១៩។
ក្នុងឱកាសនោះ ប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏មានសេចក្តីសោមនស្សរីករាយផងដែរជាមួយនឹងការត្រួតពិនិត្យលើប្រព័ន្ធសិក្សាអនឡាញ ដែលអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមានឱកាសបន្តការសិក្សារបស់ខ្លួនបានរហូតជិត ១៥,០០០ ម៉ោងក្នុងរយៈពេល៦ខែចុងក្រោយនេះ។
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏សូមគោរពថ្លែងអំណរគុណ លោក យក់ ង៉ុយ និងក្រុមការងារបច្ចេកទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់កិតិ្តយសចុះធ្វើអធិការកិច្ច នៅបរិវេណសាកលវិទ្យាល័យ ដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២នេះ។
គណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមានសេចក្តីសោមនស្សរីករាយ ដែលសាកលវិទ្យាល័យបានអនុវត្តស្តង់ដារសុវត្ថិភាពខ្ពស់ សម្រាប់ និស្សិត ក៏ដូចជាបុគ្គលិក សាស្រ្តាចារ្យ ដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការសាកលវិទ្យាល័យឡើងវិញ ក្នុងពេលឆាប់ៗនេះ។ សាកលវិទ្យាល័យនេះ ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា ដែលនឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សង្ឃឹមយ៉ាងម៉ុតមាំ និងរង់ចាំស្វាគមន៍ សិស្សនិស្សិតយ៉ាងកក់ក្តៅក្នុងការវិលត្រឡប់មកសាកលវិទ្យាល័យវិញទៅតាមគន្លងសិក្សាថ្មី ប្រកបដោយស្តង់ដារអនាម័យ និងសុវត្ថិភាពក្នុងពេលឆាប់ៗនេះ ហើយធានាក្នុងការរក្សាអនាម័យខ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងរាល់ហានិភ័យពីការឆ្លងជំងឺកូវីដ១៩៕