(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា និងជាភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីដាក់បិណ្ឌ៩ ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០នេះ មានពុទ្ធបរិស័ទជាច្រើន ចូលរួមដាក់បិណ្ឌ ដោយក្ដីសប្បាយរីករាយ និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលមាន មាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, បិតា មហាឧបាសក លីន គ្រី, មាតា មហាឧបាសិកា ឌី ប៉ុក, បិតា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ព្រមទាំងវិញ្ញាណក្ខន្ធបុត្រច្បងរបស់សម្តេច។
ជាមួយគ្នានោះក្តីនឹករលឹក ស្រណោះអាល័យជាពន់ពេកដល់មាតា បិតា ព្រមទាំងវិញ្ញាណក្ខន្ធដែលបានចែកឋានទៅ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ក្ដុកក្ដួលសម្រក់ទឹកភ្នែក និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។
ក្នុងវេនកាន់បិណ្ឌនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងគ្រួសារ បាននាំយកនូវទេយ្យទាន ចំនួន២២មុខ មានជា អង្ករ ទឹកក្រូច ទឹកសុទ្ធអេវីយ៉ង់ ទឹកសណ្តែក ទឹកត្រឡាច ទឹកគូលែន ទឹកបាកាស ទឹកដោះគោខាប់ ស្ករស កាកាវ មៀនកំប៉ុង តែ នំធុង ត្រីខ ត្រីងៀត សាច់ក្រក មីយើង ផ្លែឈើ នំ ជាដើម។ ជាពិសេស ក៏មាននូវអាល់កុល ម៉ាស ដើម្បីការពារទប់ស្កាត់ការីករាលដាលពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗផងដែរ ។
ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ព្រះសង្ឃគង់នៅវត្ដចំពុះក្អែក និងថវិកាមួយចំនួនទៀត សម្រាប់រៀបចង្ហាន់ព្រះគេនព្រះសង្ឃ។ រីឯសម្រាប់យាយជី តាជីជិត២០០នាក់ ទទួលបានក្រណាត់សម្នាក់១ដុំ និងថវិកាមួយចំនួន។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕