(ភ្នំពេញ)៖ នៅទីស្ដីការគណៈរដ្ឋមន្ត្រី មានពិធីជួបជុំអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលមុស្លិមកម្ពុជា និងនិស្សិតបញ្ញវន្តអាហារូបករណ៍ ធនាគារអភិវឌ្ឍន៍ឥស្លាម IsDB នៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងន័យជួយជាស្មារតី ពង្រឹងសមត្ថភាពដល់គ្រូពេទ្យដែលបានរៀនចប់ ដើម្បីមានលទ្ធភាពស្វែងរកការងារធ្វើ ស្របទៅតាមវិស័យសុខាភិបាលដែលកំពុងរីកចម្រើន និងត្រូវការអ្នកមានសមត្ថភាពពិតប្រាកដ។
ពីធីធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាតំណាងធនាគារអភិវឌ្ឍន៍ឥស្លាម IsDB នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ រដ្ឋលេខាធិការ គ្រូពេទ្យ និងនិស្សិតពេទ្យប្រមាណជាង ២៥០នាក់។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលឹកពីការកកើតឡើង នៃធនាគារអភិវឌ្ឍន៍ឥស្លាម IsDB ថា ធនាគារនេះបង្កើតឡើងដោយ ប្រទេសជាសមាជិក OIC ក្នុងគោលបំណងផ្ដល់អាហារូបករណ៍ដល់ប្រទេស ដែលជាសមាជិកតែប៉ុណ្ណោះ ចំពោះប្រទេសតូចដែលមានប្រជាជនតិចដូចជាកម្ពុជា គេឲ្យត្រឹមតែ ២ ទៅ៣នាក់ប៉ុណ្ណោះក្នុង១ឆ្នាំ ក៏ប៉ុន្តែក្រោយមក លោកក៏បានសុំឲ្យមានអាហារូបករណ៍ក្នុងស្រុក ទើបធ្វើឲ្យកម្ពុជាមាននិស្សិតអាហារូបករណ៍ ច្រើនជាងមុន។
លោកទេសរដ្ឋមន្ត្រី បានបន្តថា IsDB កំពុងតែកោតសរសើរនិស្សិតអាហារូបករណ៍កម្ពុជា ដែលទទួលជោគជ័យ បានបម្រើការងារនៅក្នុងស្ថាប័នរដ្ឋធំៗមួយចំនួន យើងពិតជាមានមោទនភាពណាស់សម្រាប់សហគមន៍របស់យើង ដែលទទួលបានអត្ថប្រយោជន៍ពីប្រទេស ដែលមានសុខសន្តិភាព ដំណើរវិវត្តន៍នៃ ប្រទេសរបស់យើង គឺចាប់ផ្ដើមពីអត់មានមកមាន ទីមានតិចមកមានច្រើន ជាពិសេសក្នុងសម័យកាលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់នូវគោលនយោបាយសុខដុមបនីយកម្មដល់យើងទាំងអស់គ្នា។
ជាចុងក្រោយ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ ឲ្យរួបរួមគ្នាដើម្បីបន្តដំណើរឆ្ពោះទៅរកគោលដៅ ត្រូវប្រកាន់យកទស្សនៈថា គ្រូពេទ្យមិនបែងចែកបក្ខពួក គ្រូពេទ្យត្រូវតែជួយសង្គ្រោះមនុស្ស។
ជាមួយគ្នានេះ លោក សុះ មុះស៊ិន សមាជិករដ្ឋសភា បានលើកឡើងថា សហគមន៍ឥស្លាមពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល រាប់ចាប់តាំងពីឆ្នាំ១៩៧៩ រដ្ឋាភិបាលបានកសាងឡើងវិញនូវអ្វីដែលបានបាត់បង់ ទាំងដែលធនធានមនុស្សមានចំនួនតិចតួចបំផុត ដែលសល់ពីការកាប់សម្លាប់ក្នុងរបបអាវខ្មៅ។
លោកបន្តថា មកទល់ពេលនេះ គ្រូពេទ្យរបស់យើងមានចំនួនជិត ៣០០នាក់ ដែលនេះជាចំនួនតិចតួចនៅឡើយ បើធៀបនឹងចំនួនប្រជាសហគមន៍យើងជាង ៨០ម៉ឺននាក់។ គ្រូពេទ្យទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ដូចជាការជួយដល់សង្គមជាតិ ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងក្លាយជាអ្នកបន្តវេនដ៏រឹងមាំ។
ក្នុងឱកាសនោះផងដែរ លោកតំណាងរាស្ត្រ ក៏បានអំពាវនាវដល់គ្រូពេទ្យដែលរៀនចប់តាមរយៈអាហារូបករណ៍ IsDB សូមបន្តជួយទ្រទ្រង់ធនាគារនេះ ដើម្បីបន្តនិរន្តរភាព ក្នុងការជួយដល់យុវជនជំនាន់ក្រោយក្រោយបន្តទៀត៕