(ព្រះវិហារ)៖ លោក មាស ធីបញ្ញា អនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត និងសហការី បាននាំទេយ្យទាន ដើម្បីចូលរួមកាន់បិណ្ឌ នៅវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលថ្មីៗនេះ។
ជាមួយគ្នានោះ លោក មាស ធីបញ្ញា ក៏បានបន្តនាំទេយ្យទាន ឡើងទៅវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ដោយបានចែកក្រមា និងថវិកា ជូនយាយជី តាជី ៦០នាក់ ដោយម្នាក់ៗ ទទួលបានក្រមា ចំនួន០១ និងថវិកាចំនួន១០,០០០រៀល ដែលជាវត្តដាច់ស្រយាល នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
លោក មាស ធីបញ្ញា បានថ្លែងថា ការចូលរួមកាន់វេនបិណ្ឌនេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿង ថ្កុំថ្កើន។
ក្នុងឱកាសនោះ លោក មាស ធីបញ្ញា បានផ្តាំផ្ញើសូមឲ្យបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃ ជាមួយសាប៊ូ ឲ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ ក្នុងឱកាសនាពេលភ្ជុំបិណ្ឌខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ៕