(សៀមរាប)៖ គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ស្ថិតក្រុងសៀមរាប ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអាប្សរា បានបញ្ចប់ដោយជោគជ័យហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ និងត្រួតពិនិត្យលក្ខណបច្ចេកទេសពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានប្រាប់ Fresh News ឱ្យដឹងនាថ្ងៃទី១២ ខែកញ្ញានេះថា គម្រោងនេះត្រូវបានបញ្ចប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឡើងក្នុងគោលបំណងរួមចំណែកថែរក្សា មត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។
ក្នុងកិច្ចការនេះក្រុមការងារបច្ចេកទេសបានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានិភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាងដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប។
អាជ្ញាធរជាតិអប្សរាបានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាទាំងអស់ដែលបាននិមន្ត និងចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សតរៀងទៅ៕