(សៀមរាប)៖ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ ខណៈវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ ដោយមានកិច្ចសហការដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។
លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានមតិក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅថែវរូតព្រះពាន់ នៃប្រាសាទអង្គរវត្ត យ៉ាងដូច្នេះថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់នៅក្នុងប្រាសាទ។
លោកបន្ថែមថា ការសិក្សានេះ គឺជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗដល់ថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីរាយការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។
តាមការបញ្ជាក់របស់លោក លឹម ស្រ៊ូ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើនៅតាមប្រាសាទសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យប្រាកដថា ភ្នាក់ងារទេសចរណ៍ទាំងអស់ ទទួលបានចំណេះដឹងជាមូលដ្ឋានតាមប្រាសាទនីមួយៗ ដើម្បីរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងដែរថា ប្រាសាទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទីកន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ហើយការដឹងទាន់ពេលវេលានេះ អាចឱ្យអ្នកជំនាញមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។
លោកបន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការថែទាំ ដូចជាការថែទាំថ្មជាដើម ដែលការថែទាំនេះដើម្បីពនឿតការសិករិករិលរបស់ថ្ម។ លោកពន្យល់ទៀតថា ពលរដ្ឋគ្រប់រូបមានការភារកិច្ចការពារ ថែរក្សាមរតកដូនតា ហើយការងារទាំងនេះ ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទយ៉ាងដូច្នោះដែរ៕