(ភ្នំពេញ)៖ នាឱកាសប្រកាសក្រុមការងារយុវជនខណ្ឌ និងសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយុវជនដែលទើបបានតែងតាំងថ្មី ដោយត្រូវខិតខំដឹកនាំក្រើនរំលឹកដល់យុវជនគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឲ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌ អនុវត្តឲ្យបានល្អត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងយកចិត្តទុកដាក់អនុវត្តការងារគណបក្សឲ្យបានខ្ជាប់ខ្ជួន និងពង្រឹងពង្រីកប្រជាប្រិយភាពរបស់គណបក្សនៅមូលដ្ឋាន ព្រមទាំងខិតខំថែរក្សា និងចូលរួមពង្រីកសមិទ្ធផលនានារបស់គណបក្ស ដែលបានកសាងនៅមូលដ្ឋានប្រើប្រាស់ជាផលប្រយោជន៍រួម។
លោក អ៉ិត សំហេង លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចជាតិមានការរីកចម្រើនលូតលាស់ជាលំដាប់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហើយប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះការពង្រឹងអភិបាលកិច្ចល្អ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាផ្នែកមួយសម្រាប់ ឲ្យយើងទាំងអស់គ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងប្រកបដោយជំនឿទុកចិត្តលើកកម្ពស់ការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋកាន់តែប្រសើឡើង។
ជាមួយគ្នានេះ កម្ពុជាកំពុងធ្វើដំណើរយ៉ាងរឹងមាំលើមាគ៌ា ដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍសង្គម ដោយខិតខំប្រឹងប្រែងពុះពាឆ្មុះឆ្មុលជម្នះគ្រប់ឧបសគ្គប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្ដីសង្ឃឹមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់ បច្ចុប្បន្នមន្ត្រីគណបក្សគ្រប់ថ្នាក់កំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ដឹកនាំរបស់គណបក្សគឺសមូលភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
លោកបានផ្តល់នូវប្រាក់ឧបត្ថម្ភដល់សមាជិកសមាជិកានៃក្រុមការងារយុវជនគណបក្សខណ្ឌ និងសង្កាត់ទាំង ៧ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល។
តាំងនាមឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង លោក ធឹម សំអាន បានប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមគោលនយោបាយរបស់គណបក្សដែលបានប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕