(ព្រះសីហនុ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីនេះ ក៏មានអញ្ជើញចូលរួម ពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
ប្រធានមន្ទីរកសិកម្មខេត្ដ បានអានមតិស្វាគមន៍ និងរាយការណ៍ ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាព នៃវិស័យកសិកម្មនៅទូទាំងខេត្ត ដោយបានរំលេច ឲ្យឃើញថា វារីវប្បកម្មទឹកប្រៃមាន១,៧៦៧បែរ និង១៩៩ស្រះ និងទឹកសាបមាន១៦៣ស្រះ ហើយទាំងទឹកប្រៃ និងទឹកសាបមានលទ្ធភាព ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងនាំទៅកាន់រាជធានីភ្នំពេញ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ។
លោករដ្ឋមន្រ្តី វេង សាខុន ជម្រាបជូនអង្គពិធីផងដែរ អំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី និងកង្កែប) និងស្ថានភាពជារួមរបស់ប្រទេសជាតិ សន្តិសុខ សេដ្ឋកិច្ច និងវិធានការសំខាន់ៗ ទាក់ទងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ -១៩។
ដោយឡែក ការងារវារីវប្បកម្ម លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ក្រសួងដែលមានរដ្ឋបាលជលផល ជាសេនាធិការ បានខិតខំយកអស់កំលាំងកាយចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តអនុសាសន៍របស់សម្តេចតេជោ ធ្វើយ៉ាងណាចូលរួមធានាសន្តិសុខស្បៀង ក្នុងគ្រួសារ និងបង្កើនការផ្គត់ផ្គង់ ដោយសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ក្នុងខណៈនេះ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។
មួយវិញទៀត ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករ ដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹមទទួលបានផលល្អ។
ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែល ចង់ចាប់ផ្តើមចិញ្ចឹម។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៦៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១។
សរុបលទ្ធផលដែលទទួលបាន ពីយុទ្ធនាការចលនាជំរុញផលិតកម្មស្បៀងជាលក្ខណគ្រួសារ តាមរយៈការចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងរយៈពេលជិត២ខែ ក្នុងខេត្តគោលដៅទាំង១១សម្រេចទទួលបាន៖ មានគ្រួសារកសិករ៥៨០ ក្នុងនោះ ២០៧គ្រួសារទទួលបាន កូនកង្កែបសរុបកូនកង្កែប ៨២៨,០០ក្បាល និង ៣៧៣គ្រួសារ បានទទួលកូនត្រីអណ្តែង សរុបកូនត្រីអណ្តែង ២៦១,១០០ក្បាល ចំណី៥៨តោន វីតាមីន១,៧១៩កញ្ចប់ និងតង់ប្លាស្ទីក ៥៨០តង់។
ចេញពីកម្មវិធីលោករដ្ឋមន្ត្រី វេង សាខុន ក៏បានបន្ដចុះមកលែងកូនត្រី នៅសហគមន៍នេសាទព្រៃនប់២ នៅភូមិព្រែកសង្កែ ឃុំសាមគ្គី។
លោកប្រធានសហគមន៍ បានឲ្យដឹងថា សហគមន៍មានផ្ទៃដីជាង ៦០៥ហិកតា ក្នុងនោះ មានព្រៃកោងការ ៦៥៥ហិកតា មានសមាជិកជាង ១,០០០គ្រួសារ គ្របដណ្តប់ ៣ភូមិ។ ប្រកបរបរចិញ្ចឹមត្រី ងាវភក់ជាលក្ខណធម្មជាតិ និងនេសាទសមុទ្រ។
កន្លងមក គម្រោងសហប្រតិបត្តិការស៊ីហ្វដិចស៊ុយអែត បានជួយឧបត្តម្ភគាំទ្រឲ្យអនុវត្តគម្រោងស្តីពីការស្តារ និងអភិរក្សទីជម្រក និងធនធានជល ផលតំបន់ឆ្នេរ (ព្រៃកោងកាង ស្មៅសមុទ្រវាលភក់)។
ពិនិត្យឃើញទិដ្ឋភាពព្រៃកោងកាង និងសកម្មភាពនេសាទរបស់សមាជិកសហគមន៍ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងរបស់សហគមន៍ប្រកាន់ យករបរចិញ្ចឹមត្រី និងងាវ ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព ក៏ដូចជាបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត ដើម្បីកាត់បន្ថយការ នាំចូល។
ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តជំរុញបន្ថែមការងារបច្ចេកទេស និងត្រូវចូលរួមដាំកូនឈើបន្ថែម ថែរក្សា និងការពារព្រៃកោងកាងនេះ ឲ្យបានគង់វង្ស ប្រយោជន៍ ដើម្បីនិរន្តរភាព នៃជីវភាពសមាជិកសហគមន៍៕