(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលទើបប្រកាសចូលកាន់តំណែងកាលពីប៉ុន្មានថ្ងៃមុននេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង ធ្វើការសំណេះសំណាលជាមួយកងកម្លាំងក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្ហាញទឹកចិត្ត បើកបេះដូងក្នុងទិសដៅរួម គឺសហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យបានល្អប្រសើរ ស្របតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ខបាលខេត្ត។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានធ្វើការផ្សព្វផ្សាយផែនការការពារបុណ្យភ្ជុំបិណ្ឌ ដល់កងកម្លាំងទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បញ្ជាដឹកនាំកម្លាំងតាមជំនាញ ដើម្បីការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។ ត្រូវពង្រឹងការយាមល្បាតនិងប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីងាយស្រួលក្តាប់សភាពការណ៍ និងចេញអន្តរាគមន៍ទាន់ពេលវេលា ពេលប្រជាពលរដ្ឋត្រូវការឲ្យជួយ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី ហួត សុធី ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យជាផ្លូវការ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូបទៀតផងដែរ។
នៅក្នុងថ្ងៃប្រកាសចូលកាន់តំណែងនេះដែរ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានឡើងប្តេជ្ញាចិត្តដោយការពារជាតិ សាសនា ព្រះមហាក្សត្យ ការពាររដ្ឋធម្មនុញ្ញ ការពារដាច់ខាតរាជរដ្ឋាភិបាល ស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទះរាស្ត្រ និងចូលរួមអនុវត្តឲ្យបានជោគជយ័នៅគ្រប់កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល តំកល់ផលប្រយោជន៍ជាតិជាធំចាត់ទុក ប្រជាពលរដ្ឋជាគ្រួសារ តែមួយ ស្មោះត្រង់បម្រើពួកគាត់ដោយភក្តីភាព និងគោរពឲ្យបានម៉ឺងម៉ាត់តាមបទបញ្ញតិ បទបញ្ជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ មានតម្លាភាព បង្កើនសាមគ្គីភាពផ្ទៃក្នុង រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលះទេសះ ព្រមទាំងពង្រីកគុណភាពមន្ត្រីអោយមានសមត្ថភាព វិនយ័ថ្លៃថ្នូរ មានគុណធម៌ និងសក្ក័សមជាកងកម្លាំងឯកភាពមួយ បង្កើនកិច្ចសហការជិតស្និតជាមួយអង្គភាពនានាទូទាំងខេត្តនិងខេត្តជាប់ព្រំប្រទល់ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណះនិងនិងសុវត្ថិភាពសង្កមរបស់យើយ៕