(បន្ទាយមានជ័យ)៖ ថ្ងៃសុក្រ-សៅរ៍ ៩-១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងវេនទី១០ នៃការកាន់បិណ្ឌ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងនាយ-នាយរង និងកងពលអាវុធហត្ថទាំងអស់ បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌវេនទី១០នេះ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ព្រមទាំងឧទ្ទិសមហាកុសល ជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ ក្នុងសង្សាវដ្ដ ជាពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ។
នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី១០នេះ លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ នាយ-នាយរង និងពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានរៀបចំប្រារព្វពិធីរាប់បាត និងវេរភត្តាហារ -បរិក្ខារទាំងឡាយប្រគេនដល់ព្រះសង្ឃ នឹងអញ្ជើញភ្ញៀវកិត្តិយស ពិសាភោជនាអាហារជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។
ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេន ដល់ព្រះគ្រូចៅអធិការវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ចំនួន៤២លានរៀល សម្រាប់កសាងវត្តបន្ថែមទៀត និងប្រគេនដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយអង្គចំនួន១០ម៉ឺនរៀល៕