(ត្បូងឃ្មុំ)៖ ដេីម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ២៥០គ្រួសារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ ថ្នាក់ដឹកនាំ -មន្ត្រី សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ចំនួន ២៥០គ្រួសារ (ក្នុងនោះខ្មែរ-ឥស្លាម ចំនួន ២៥គ្រួសារ) ដែលពួកគាត់រស់នៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីផ្ដល់អំណោយនេះ បានប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងចំនួន២ គឺ ស្ថិតនៅក្នុងបរិវេណសាលាឃុំពពេល សម្រាប់ប្រជាពលរដ្ឋ ១៦១គ្រួសារ រស់នៅភូមិចំនួន ១០ នៃឃុំពពេល និងនៅបរិវេណ សាលាបឋមសិក្សានិងអនុវិទ្យាល័យវាលម្លូរ ប្រជាពលរដ្ឋ ៧៧គ្រួសារ រស់នៅភូមិចំនួន ៦ នៃឃុំវាលម្លូរ។
ជាមួយគ្នានេះ គណៈប្រតិភូ បានចុះសួរសុខទុក្ខ ដល់លំនៅឋានផ្ទាល់ និងផ្តល់អំណោយដល់ ចាស់ឥតទីពឹង និងជនមានពិការភាព ចំនួន ១២គ្រួសារ ទៀត ដែលមិនអាចមក ទទួលអំណោយក្នុងពិធីខាងលេីនេះបាន។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការ រងទី១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនប្រជាពលរដ្ឋថា បេីទោះបីជា សម្តេច មិនបានអញ្ជេីញមកដោយផ្ទាល់ ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។
ទន្ទឹមនឹងនេះដែរ លោកស្រី បានពាំនាំអនុសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញេីជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅមានអនាម័យ ដេីម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសបន្តអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មិនឱ្យកេីតមានក្នុងសហគមន៍។
លោកស្រី បានគូសបញ្ជាក់ថា «កម្ពុជា យេីង ទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ មិនឱ្យមានឆ្លងនៅក្នុងសហគមន៍ ជាពិសេស មិនមានអ្នកស្លាប់ ហេីយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧៤នាក់នោះសុទ្ធតែជាអ្នកចំណូលស្រុក ហើយមកដល់ពេលនេះ ពួកគេទាំងអស់គ្នានោះបានទទួលការព្យាបាលជាសះស្បេីយ១០០%ហើយ។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែក្រេីនរំលឹកដល់ពលរដ្ឋយេីង ឱ្យមានស្មារតីប្រុងប្រយ័ត្ន ជានិច្ចចំពោះជំងឺនេះ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ»។
ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋ យកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ត្រូវលេីក កម្ពស់ការគោរពច្បាប់ចរាចរណ៍ ដេីម្បីសេចក្តី សុខក្សេមក្សាន្ត នៅក្នុងគ្រួសារ។
ម្យ៉ាងវិញទៀត ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នេីមថ្នាក់ជាតិរបស់អង្គការសហ ប្រជា ជាតិ សម្តេច តែងតែអំពាវនាវនិងលេីកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ទាំងអស់ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្រាន់ និងទៅសម្រាល កូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ ទាំងអស់ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន លេីកកម្ពស់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដេីម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួម ពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា យេីង។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២៥០គ្រួសារនោះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូ ២ដុំ ៕