(កណ្តាល)៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd និងជាសមាជិកក្រុមយុវជនក្រៅប្រទេស និងក្រុមគ្រួសារ រួមទាំងក្រុមការងារ និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅក្នុងវត្តកែវមណីជោតិ ហៅវត្តរកាកោងក្រៅ នៅភូមិរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល និងបានធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនទៅដល់វិញ្ញាញក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំង៧សន្តាន។
ក្នុងឱកាសនោះលោកឧកញ៉ា ឆាយ សុធា និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃបុណ្យ កាន់បិណ្ឌវេនទី១០ ជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ដើម្បីឲ្យពួកគាត់ មកទទួលយក កុសលផលបុណ្យ និងបានទៅកើតក្នុងសុគតិភព នឹងឧទ្ទិសមហាកុសលនេះ ជូនដល់ដួងវិញ្ញាណខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជានាពេលកន្លងមក សូមឱ្យបុណ្យកុសលដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១០នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកឧកញ៉ា ឆាយ សុធា និងក្រុមគ្រួសារ និងក្រុមការងារបានប្រគេនទេយ្យទានមួយចំនួនធំដល់ព្រះសង្ឃ និងបានចូលរួមជាបច្ច័យកសាងចំនួន៧៨ម៉ឺនរៀល និង៥៣៨ដុល្លារ ប្រគេនដល់ព្រះសង្ឃចំនួន២៣០ដុល្លារ ឧបត្ថម្ភដល់ទូកងចំនួន២០០ដុល្លារ ចែកជូនដល់ប្រជាការពារ១៧នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល ចែកជូនដល់លោកតា លោកយាយ ជាង១០០នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងចែកដល់ក្មេងៗជាង១០០នាក់ ក្នុងម្នាក់៥ពាន់រៀល ។
សូមជម្រាបថាពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យ មាតា បិតា ញាតិកាទាំង៧ សន្តាន ដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕