(កំពត)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងរំលឹកថា អតីតយុទ្ធជនជាអ្នកបានកសាងនូវគុណបំណាច់យ៉ាងធំធេង ដោយបានធ្វើពលិកកម្មដ៏អង់អាចហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ សម្រាប់បុព្វហេតុមាតុភូមិកម្ពុជា ជាពិសេសការចូលរួមនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ។ លោក គន់ គីម ថា គុណបំណាចនេះត្រូវតែកត់ត្រា និងចងចាំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងមនុស្សជំនាន់ថ្មីផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ នៅសាលាខេត្តកំពត នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ត្រូវបានប្តូរពីលោកឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ជំនួសដោយលោកវរៈសេនីយ៍ឯក ហុក ចិន្តា។
ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានរំលឹកពីអតីតកាលរបស់កម្ពុជា ដែលបានរងនូវភាពជូរចត់ដោយសារភ្លើងសង្គ្រាម។ លោក គន់ គីម ក៏បានលើកពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានតស៊ូ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
និយាយដល់ភ្លើងសង្គ្រាមកាលពីអតីតកាលរបស់កម្ពុជានេះ លោក គន់ គីម ក៏បានលើកបង្ហាញពីគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អតីតយុទ្ធជនជាប្រតិបត្តិករដ៏អង់អាចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មបញ្ចប់ភ្លើងសង្គ្រាម និងឈានដល់ការបង្រួបបង្រួមជាតិ។
«បងប្អូនអតីតយុទ្ធជនរបស់យើងនេះ គឺអង់អាចក្លាហានណាស់អនុវត្តន៍មិនឱ្យធ្លាក់ដល់ដីឡើយនូវបទបញ្ជា និងផែនការដែលសម្តេចតេជោ លោកបានដាក់ចេញ។ ដូច្នេះបងប្អូនអតីតយុទ្ធជនយើងនេះ គឺគាត់បានចូលរួមយ៉ាងសំខាន់ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការបង្រួមបង្រួមជាតិ គាត់ជាអ្នកការពារ ជាអ្នកប្រយុទ្ធដ៏អង់អាចមិនឱ្យរបបខ្មែរក្រហមវិលមកវិញ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន។
សម្រាប់លោកទេសរដ្ឋមន្ត្រី គន់ គីម គុណបំណាច់របស់អតីតយុទ្ធជន គឺធំធេងណាស់សម្រាប់សង្គមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ លោក គន់ គីម បានបន្តថា គុណបំណាច់ត្រូវតែចងចាំ និងត្រូវតែកត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
បើទោះបីជាយ៉ាងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់បំផុត ចំពោះការបំពេញភារកិច្ច និងលទ្ធផលសម្រេចបានរបស់ ប្រធានគណៈកម្មាធិការសមាគមខេត្តក្នុងអាណត្តិចាស់រយៈពេល៥ឆ្នាំកន្លងទៅ។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រធានថ្មី ត្រូវបន្តនូវការងារល្អៗជាប្រយោជន៍របស់អតីតយុទ្ធជនកម្ពុជាបន្តទៅទៀត ដោយតម្កល់ផលប្រយោជន៍របស់អតីតយុទ្ធជនជាធំ និងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលារាល់តម្រូវការរបស់អតីតយុទ្ធជនកម្ពុជា។ ក្នុងនោះកិច្ចការសាងសង់ទីស្នាក់ការសមាគមអតីយុទ្ធជនខេត្ត ក៏ជាកិច្ចការអាទិភាព ដើម្បីជាការរម្លឹកដល់គុណ បំណាច់ដ៏ថ្លៃថ្លាបូជាសាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជន។
សូមបញ្ជាក់ថា ខេត្តកំពត មានសមាជិកអតីតយុទ្ធជនសរុបប្រមាណ ៤,៩៣៣នាក់។ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានគូសបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន។ អាណត្តិកន្លងទៅសមាគម បានផ្តល់ការឧបត្ថម្ភចំពោះគ្រួសារអតីតយុទ្ធជនមរណៈរហូតមកដល់ពេលនេះ គឺបានផ្តល់ជូនទាន់ពេលវេលា ១០០%។ សង់ផ្ទះជូនអតីតយុទ្ធជនបាន ៦២ខ្នង និងជីកអណ្តូងបានចំនួន ២០អណ្តូង ហើយកិច្ចការទាំងនេះ នៅកំពុងតែធ្វើបន្តបន្ទាប់តាមផែនការឆ្នាំ២០២០នេះ។
លោកអភិបាលខេត្តបន្តថា ការចុះឈ្មោះអតីតយុទ្ធជនចូលនិវត្សនៅតែបន្តជាប់ជានិច្ចផងដែរ។ ជាគោលការណ៍រួមគណៈគ្រប់គ្រងសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពត បានប្តេជ្ញាខ្ពស់ដោយឈរលើស្មារតី «មិនទុកនរណាម្នាក់ចោល»។ លោក ជាវ តាយ ក៏បានឱ្យដឹងផងដែរថា យោងតាមកំណែទម្រង់ប្រព័ន្ធផ្តល់ប្រាក់សោធននិវត្តន៍ បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភដល់សមាជិកអតីតយុទ្ធជន បានទាន់ពេលវេលា និងមានតម្លាភាព ដែលកត្តានេះ គឺជាកាយវិការតបស្នងនូវគុណបំណាច់ និងការលះបង់ មិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារ និងកសាងសន្តិភាព។
លោកវរៈសេនីយ៍ឯក ហុក ចិន្តា ដែលបានទទួលភារកិច្ច ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយការលំបាកនានាក្នុងជីវភាពរស់នៅ របស់អតីតយុទ្ធជន។ ជាពិសេសសមាជិកមានជីវភាពលំបាក ដោយខិតខំចលនាធនធាន និងសប្បុរសជន ដើម្បីដាក់ចេញនូវផែនការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគាត់ផ្អែកតាមគោលនយោបាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងពិធីនៅថ្ងៃនេះនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកអំណោយបានផ្តល់ជូនអតីតយុទ្ធចំនួន ៣០០នាក់ ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល និងបំពាក់មេដាយជូនកងកម្លាំងដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារកន្លងមក។ ជាពិសេសការចូលរួមស្វែងរកជនរងគ្រោះដោយការបាក់រលំអគារនៅខេត្តកែប កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅចំនួន ៦០៦នាក់៕