(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ មានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូមួយគ្រឿង នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបម្រុងចេញពីផ្ទះ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។
ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់ តាមគោលដៅសំខាន់ៗ។
រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូទើបប្លន់បាន ពីជនរងគ្រោះ ប៉ុន្ដែពេលនេះជនសង្ស័យបានបាញ់មករថយន្ដនគរបាលចំនួន៣គ្រាប់ ទើបនគរបាលសម្រេចបើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល និងជ្រុះអាវុធ នៅលើថ្នល់។ ក្រោយមកជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋ ហើយត្រូវកម្លាំងនគរបាលហ៊ុព័ទ្ធចាប់ជនល្មើសបានម្នាក់។
មន្ដ្រីនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។ ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់៕