(ភ្នំពេញ)៖ នៅក្នុងថ្ងៃកាន់បិណ្ឌទី ១០ ដែលត្រូវថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារសប្បុរសជនយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី សារ៉ុង សៀវភៅប៊ិច និងក្រមាទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៧០គ្រួសារ ដែលកំពុងរស់នៅក្នុងដីសហគមលឹមភា ដែលជាជនពិការដៃទាំង២ ពិការភ្នែកមួយចំហៀង និងត្រចៀកមួយចំហៀងនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក លឹម ភា គឺជាអតីតអ្នកសុំទាននៅប្រទេសសថៃ និងប្រទេសម៉ាឡេស៊ីដែលបានសន្សំលុយបានជិតម្ភៃម៉ឺនដុល្លារពីមុខរបរសុំទានយកមកទិញដីបានជាង ៥០ ហិកតានៅទីនេះដើម្បីប្រកបរបរទទួលទានពេលត្រឡប់មកពីសុំទាននៅប្រទេសម៉ាឡេស៊ីវិញ។ ក្រោយពីបានឃើញពីទុក្ខលំបាករបស់អ្នកដែលក្រីក្រខ្សត់ខ្សោយ លំបាកតោកយ៉ាកជាងគាត់ លោក លឹម ភា បាន លះគំនិតចង់មានចង់បានតែម្នាក់ឯង ហើយបែរយកគុណធម៍នៃការចែករំលែកមកចែករំលែកដីដែលគាត់ទិញ បានជួយទៅពលរដ្ឋដែលលំបាកជាងគាត់ទាំងនោះវិញ។ មកទល់ពេលនេះមានបងប្អូនប្រជាពលរដ្ឋជាង៤៧០ គ្រួសារ (ប្រមាណ ១៧០០នាក់) បានទទួលប័ណ្ណចែកដីពី លោក លឹម ភា រួចហើយ។
លោក លឹម ភា បានសម្តែងនូវសេចក្តីសប្បាយរីករាយនិងរំភើបក្រៃលែងដែលសម្តេចទាំងទ្វេបានគិតគូយកចិត្តទុកដាក់ផ្តល់នូវស្បៀងអាហារជួយដល់កូនចៅសម្តេចជាង ៤៧០គ្រួសារនៅទីនេះដែលកំពុងមានការខ្វះខាតស្បៀងអាហារពិតប្រាកដ។ លោក លឹម ភា បានបញ្ជាក់ថា កូនចៅនៅទីនេះមានភក្តីភាព និងគោរពស្រឡាញ់សម្តេចទាំងទ្វេ យ៉ាងខ្លាំង ហើយប្តេជ្ញាបន្តគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។
លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីទឹកចិត្តអាណិតស្រឡាញ់របស់សម្តេចទាំងទ្វេដែលតែងតែមានព្រហ្មវិហារធម៍ គុណធម៍ និងក្តីមេត្តា ករុណាដ៏ជ្រាលជ្រៅបំផុតក្នុងគិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ទោះបីសម្តេចទាំងទ្វេមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែសម្តេចបានបញ្ជូននូវអំណោយជាស្បៀងអាហារនេះដើម្បីចែកជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះដើម្បីជួយរំលែកការខ្វះខាតរបស់កូនចៅប្រជាពលរដ្ឋ។ ក្រៅពីអំណោយជាស្បៀងអាហារ គឺបងប្អូនប្រជាពលរដ្ឋជាង១ពាន់នាក់ដែលបានមកចូលរួមក្នុងកម្មវិធីបានហូបការីនំប៉័ង ដោយមានតន្រ្តីប្រចាំភូមិលេងកំដរប្រកបដោយបរិយាកាសស្និទ្ធស្នាលនឹងសប្បាយរីករាយក្រៃលែង។
លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចទាំងទ្វេចំពោះក្តីស្រឡាញ់ និងក្តីមេត្តាករុណាដ៏ជ្រាលជ្រៅបំផុតដែលសម្តេចទាំងទ្វេតែងតែមានចំពោះពលរដ្ឋកម្ពុជា។ លោក ដួង តារា ក៏បានគោរពជូនពរ សម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅបំផុតសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ លោក ដួង តារា ជំនួយការ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមូលនិធិនិងសម្ភារៈផ្សេងៗជួយដល់ពលរដ្ឋខ្មែរដែលកំពុងត្រូវការជំនួយបន្ទាន់ មិនថាតែនៅស្រុកត្រពាំងប្រាសាទទេ ប៉ុន្តែនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខចម្រុងចម្រើនលាភជ័យគ្រប់ៗគ្នាកុំបីខាន៕