(កំពង់ធំ)៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ក្រោយពីអាក់ខានមួយរយៈដោយសារការរីករាលដាលជម្ងឺកូវីដ១៩នោះ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណ៍បក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានចុះពិនិត្យមើលការធ្វើអនាម័យ តាមថ្នាក់រៀនរបស់សិស្សានុសិស្សនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានក្រើនរំលឹកលោកគ្រូ អ្នកគ្រូឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ក្នុងការការពារជម្ងឺកូវីដ១៩ ទោះបីជាកម្ពុជាគ្មានអ្នកឆ្លងថ្មី និងអ្នកដែលសម្រាកព្យាបាលបានជាសះស្បើយអស់ក៏ដោយ។

លោក ជា ចាន់តូ បានឲ្យដឹងថា ក្នុងឱកាសនៃការបើកឲ្យសិស្សានុសិស្សចូលរៀនជាថ្មីវិញនេះ លោកគ្រូ-អ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់មុនបង្អស់ គឺរឿងធ្វើអនាម័យតាមថ្នាក់រៀននីមួយៗឲ្យបានល្អ និងត្រូវរៀបចំតុសម្រាប់សិស្សរៀនឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំក្រសួងអប់រំ ពិសេសគឺការរក្សាគម្លសង្គមទើបការសិក្សាមានសុវត្ថិភាពរួចផុតពីការឆ្លងជំងឺកូវីដ១៩។

លោកបន្ដថា ទន្ទឹមនឹងនេះគប្បីត្រូវយកចិត្តទុកថាក់បង្ហាត់បង្រៀនបំប៉ន ដល់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវប្រឡងនៅពេលខាងមុខដើម្បីឲ្យការប្រឡងរបស់ពួកគេទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

លោក ជា ចាន់តូ បានជំរុញដល់សិស្សនារីដែលជាក្រុមកីឡាបាល់ទាត់នារីអាយុក្រោម១៩ឆ្នាំ (U19) កំពុងហ្វឹកហាត់នោះឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រព្រោះកីឡាគ្រាន់ជាផ្នែកមួយនៃការអប់រំ និងដើម្បីកាយសម្បទារឲ្យមាំមួន មានសុខភាពល្អតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់នារីអាយុក្រោម១៩ឆ្នាំ (U19) របស់វិទ្យាល័យតាំងក្រសាំងនេះ កន្លងមកធ្លាប់បានទទួលបានចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់ និងចំណាត់លេខ១នាពេលថ្មីៗនេះកម្រិតថ្នាក់ខេត្តទៀតផង៕