(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ក្នុងនាមជារដ្ឋដែលមិនទាមទារអធិបតេយ្យ កម្ពុជាមានសេចក្តីប្រាថ្នារួមដើម្បីឱ្យសមុទ្រចិនខាងត្បូងនៅតែជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់បែបនេះ នៅទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាដដែលោោក បានចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានទី២៧ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយឥណ្ឌា ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ និងបានពិភាក្សាអំពីទិសដៅនាពេលអនាគតរបស់វេទិកាតំបន់អាស៊ាន។ កិច្ចប្រជុំបានកត់សម្គាល់ពីសារៈសំខាន់នៃការចូលរួមចំណែករបស់វេទិកាតំបន់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព នៅអាស៊ីប៉ាស៊ីហ្វិក តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដើម្បីលើកកម្ពស់ការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមនិងរវាងអ្នកចូលរួម។ កិច្ចប្រជុំក៏បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការងារដែលវេទិកាតំបន់អាស៊ានកំពុងបំពេញ តាមរយៈវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ទីក្រុងហាណូយ និងបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ាន បានលើកឡើងអំពីបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ដែលជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ដូចជា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ការរំសាយអាវុធនុយក្លេអ៊ែរ ទេសន្តរប្រវេសន៍មិនប្រក្រតីតាម សមុទ្រ ការប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហារដ្ឋរ៉ាខាញ និងបញ្ហាសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រី ការបរទេសនៃវេទិកាតំបន់អាស៊ានបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ដើម្បីជំរុញពហុភាគីនិយមក្នុងការការពារសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ កិច្ចប្រជុំក៏បានរំពឹងទុកថា សកម្មភាពនៃកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះក្នុងគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខលំហសមុទ្រ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (ICTs) នឹងបន្តមានប្រតិបត្តិការឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរប្រកបដោយសន្តិភាព ភាពពេញលេញ ភាពដែលអាចត្រួតពិនិត្យបាន និងភាពមិនអាចត្រឡប់ក្រោយវិញបាន នៅក្នុងឧបទ្វីបកូរ៉េ ជាពិសេស តាមរយៈវេទិកាតំបន់អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ក្នុងនាមជារដ្ឋដែលមិនទាមទារអធិបតេយ្យ កម្ពុជាមានសេចក្តីប្រាថ្នារួមដើម្បីឱ្យសមុទ្រចិនខាងត្បូងនៅតែជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព»។
លោកបានបញ្ជាក់បន្តថា កម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីពាក់ព័ន្ធផ្ទាល់ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ព្រោះសេចក្តីថ្លែងការណ៍នេះ គឺជាមធ្យោបាយមួយដើម្បីពង្រឹងភាពជឿជាក់ និងទំនុកចិត្ត ការសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនារវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុ-សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕