(ព្រះសីហនុ)៖ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន១០,០០០$។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបណ្តឹងរួចកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក សមត្ថកិច្ចកំណត់បានទីតាំងបង្ខាំងជនសង្ស័យស្ថិតនៅចំណុចផ្ទះសំណាក់វួយអ៊ីណា ក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
បន្ទាប់មកកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានរាយការណ៍ជូនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ ហើយលោកព្រះរាជអាជ្ញា បានឯកភាពឲ្យកម្លាំងសមត្ថកិច្ចយើងចុះទៅប្រតិបត្តិការនៅកន្លែងកើតហតុ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់២ ចុះទៅប្រតិបត្តិការនៅកន្លែងកើតហេតុ ជាលទ្ធផលសមត្ថកិច្ចយើងបានជួយរំដោះជនរងគ្រោះចំនួន៣នាក់ ភេទប្រុស ជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យ០៧ នាក់ ក្នុងនោះមាន ៤នាក់ភេទប្រុស ជនជាតិខ្មែរ និង៣នាក់ ភេទប្រុស ជនជាតិចិន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ជនរងគ្រោះ៣នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ He Wei ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅរាជធានីភ្នំពេញ
ទី២. ឈ្មោះ He A Kun ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិចិន មុខរបរ អ្នកលក់សំបុត្រយន្តហោះ មានទីលំនៅរាជធានីភ្នំពេញ
ទី៣. ឈ្មោះ Gao MingShuai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែកជនសង្ស័យចំនួន៧នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ Cheng PengYun ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវលេងល្បែង មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន មិននៅជាប់ខ្លួន
ទី២. ឈ្មោះ Chen FuLi ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជនជាតិចិន មុខរបរ ក្រុមចងការប្រាក់ (ផ្នែកយាម) មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន មិននៅជាប់ខ្លួន
ទី៣. ឈ្មោះ Hai QuanShan ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជនជាតិ ម៉ុងហ្គាលី (ចេះភាសាចិន) មុខរបរ ក្រុមចងការប្រាក់ (ផ្នែកទារប្រាក់) មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន មិននៅជាប់ខ្លួន
ទី៤. ឈ្មោះ ង៉ែត ពើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
ទី៥. ឈ្មោះ ខៀវ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
ទី៦. ឈ្មោះ ស្រ៊ី ហួត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
ទី៧. ឈ្មោះ ង៉ែត ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយចាប់ជនសង្ស័យទាំងនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9670, ម៉ូតូ ២គ្រឿង (ម៉ាកSmash Revo 1គ្រឿង និងម៉ាក Duke 1គ្រឿង), លិខិតខ្ចីប្រាក់ ២សន្លឹក (ភាសាខ្មែរ១សន្លឹក, ភាសាចិន ១សន្លឹក), ពិលឆក់១, ដំបងឆក់១ និងស្រ្ពៃបាញ់ភ្នែក១។
ករណីនេះ ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តទៀត៕