(កំពង់ឆ្នាំង)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដាក់ផែនការ និងប្រាប់ទៅកងកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមសហការគ្នា ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌ។
ការជំរុញបែបនេះកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ខណៈថ្នាក់ដឹកនាំស្នងការ បានផ្តួចផ្តើមកម្មវិធីកាន់បិណ្ឌវេនទី១០ ដែលដឹកនាំការចូលរួមក្នុងកម្មវិធីដោយលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្ត ទទួលផែនសេនាធិការ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមអំពីលោក លោកស្រីស្នងការរង ប្រធាន និងអនុប្រធានការិយាល័យ លោកអធិការ អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានអញ្ជើញចូលរួមកាន់ បិណ្ឌវេនទី១០ និងបាននាំយកនូវតេយ្យវត្ថុព្រមទាំងបច្ច័យមកចូលរួមក្នុងការកសាងនិងប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្ត សម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាមហៅវត្តក្រឡាញ់ចាស់ ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។
ទេយ្យទាន ដែលបាននាំយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តខាងលើនេះរួមមាន៖ ស្លាដកចំនួន៤,ធូប២ដុំធំ, អង្ក៤ ការ៉ុង, ស្មើនឹង២០០គីឡូក្រាម, ទឹកក្រូច៨ កេសនិង១យួរ, មី២កេសធំ, ទឹកដោះគោខ្លាឃ្មុំ៣កេស, ត្រីខ១យួរ, ទឹកបរិសុទ្ធ៤កេស, និងប្រគេនបច្ច័យដល់ព្រះសង្ឃ៤អង្គចំនួន ៤២ម៉ឺនរៀល ចូលរួមបច្ច័យក្នុងការកសាង៤ លានរៀលផងដែរ។
លោកគ្រូព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាមហៅវត្តក្រឡាញ់ចាស់ រួមទាំងគណៈកម្មការអាចារ្យព្រមទាំងពុទ្ធ បរិស័ទចំណុះជើងវត្តទាំងអស់ សូមថ្លែង អំណរគុណដល់ ញាតិញោមពុទ្ធ បរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញមកកាន់បិណ្ឌនៅក្នុងវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅ វត្តក្រឡាញ់ចាស់ ហើយថែមទាំងបាននាំមកនូវបច្ច័យកសាង និងទ័យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងអារាមនេះ ក្នុងអំឡុងថ្ងៃកាន់បិណ្ឌរយៈពេល១០ថ្ងៃកន្លង មកនេះ សូមប្រសិទ្ធិពរដល់ញាតិញោមពុទ្ធ បរិស័ទជិតឆ្ងាយទាំងអស់ សូមកុសលផលបុណ្យដែលបានមកពីការសទ្ធាជ្រះថ្លារបស់អស់លោកជាពុទ្ធបរិស័ទទាំងអស់ សុំឲ្យអំណាចនៃកម្លាំងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ បានដល់ជីដូនជីតាមាតាបិតាសាច់សាលោហិត ញាតិតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខនេះសូមឱ្យអំណាច នៃផល្លានុសង្ឃទាំងនេះឲ្យបានទៅដល់បុព្វការីជន ដែលបានចែក ឋានទៅហើយនោះមកទទួលយកមគ្គផលគ្រប់ៗគ្នា៕