(ស្វាយរៀង-ក្រចេះ)៖ បក្ខពួកក្រុមចោរប្លន់ប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿង នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលរត់គេចខ្លួននោះ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានរហូតដល់ខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ខណៈបក្ខពួកម្នាក់ត្រូវចាប់បាននៅតំបន់កើតហេតុ ក្រោយធ្វើសកម្មភាពប៉ុន្មានម៉ោង។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្ត កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ។
ជាលទ្ធផលនៃកិច្ចសហការ សមត្ថកិច្ចបានបន្តធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉េន ម៉ាប់ (ដែលជាមុខសញ្ញាក្នុងខេត្តក្រចេះ) ជាបក្ខពួករបស់ជនសង្ស័យប្លន់ប្រដាប់អាវុធ យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តក្រចេះ កំពុងបញ្ចូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។
គួរជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ មានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូមួយគ្រឿង នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបម្រុងចេញពីផ្ទះ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចតាមបានភ្លាមៗ។
មន្ដ្រីនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យម្នាក់នោះ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញផងដែរ៕