(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកតំបែរ បានកោតសរសើរ និងលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យទាំងឡាយបន្តខិតខំលើការងារសុខាភិបាលបន្ថែមទៀត ពិសេសត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានក្លៀវក្លាជាទីបំផុត ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ និងសង្គមទាំងមូល។
ការលើកទឹកចិត្តនេះធ្វើឡើងនាឱកាសលោកជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជាង ១០០នាក់ មកពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងនោះក៏មានការចូលរួមពីលោក រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
លោក ចាយ បូរិន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចលើការងារសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមកទទួលបាននូវសេវាព្យាបាលដ៏ល្អ និងធានាសុខុមាលភាពសាធារណៈ ពិសេសការព្យាបាល និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំរូបនេះ បានធ្វើការអំពាវនាវដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ កុំជឿលើឧបាយកលរបស់ក្រុមមនុស្សអគតិមួយចំនួន ដែលបានធ្វើការញុះញុងបំផុសបំផុលតាមគ្រប់ទម្រង់រូបភាព ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
លោក ចាយ បូរិន បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់រលកទី២ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
លោកក៏បានផ្តល់ជូនក្រុមគ្រូពេទ្យ និងអ្នកចូលរួមនូវទឹកអាល់កុល ក្រមា និងសៀវភៅក្រុមង៉ុយក្នុងម្នាក់១ក្បាលផងដែរ៕