(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈចំនួន៣សំខាន់ៗ ដូចតទៅ៖
១៖ ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធីជាក់លាក់ ឬផែនការសកម្មភាពជាក់ស្តែង ដែលអាចផ្តល់នូវលទ្ធផលរូបី និងមានឥទ្ធិពលសម្រាប់តំបន់ និងប្រជាជន
២៖ ដោយទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូថាមពលជប៉ុន-អាមេរិក-មេគង្គ តាមរយៈការជំរុញថាមពលនៅក្នុងតំបន់ប្រកបដោយតម្លៃសមរម្យ អាចប្រើប្រាស់ និងពឹងផ្អែកបាន គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវតម្លៃដ៏សំខាន់ និងបំពេញបន្ថែមទៀតទៅដល់ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក
៣៖ ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅឆ្នាំ២០២១ កម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំ ក៏បានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រតិបត្តិការមួយទសវត្សនៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។
កិច្ចប្រជុំថែមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។ កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យាបាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគវិនិច្ឆ័យ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
បន្ថែមពីនេះទៅទៀត កិច្ចប្រជុំបានអនុម័តលើសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបានឯកភាពគ្នាលើឯកសារមូលដ្ឋានគ្រឹះនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក៕