(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបដិសេធទាំងស្រុង នូវការប្រឌិតព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា «រដ្ឋមន្រ្តីសុខាភិបាល ឱ្យពលរដ្ឋផឹកទឹកម្យ៉ាងអាចព្យាបាលប៉ារ៉ាស៊ីតត្រឹម២ថ្ងៃ»។
លោកស្រី បានចាត់ទុកថា នេះជាព័ត៌មានប្រឌិតទាំងស្រុង ដែលធ្វើឡើងដោយជនខិលខូច ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ លោកសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមាន Facebook ឈ្មោះ Easy Shirt បានប្រឌិតព័ត៌មានមួយថា «ម៉ម ប៊ុនហេង៖ ផឹកទឹកនេះរាល់ព្រឹក ហើយប៉ារ៉ាស៊ីតទាំងអស់ នឹងបាត់ទៅវិញក្នុងរយៈពេល២ថ្ងៃ»៕