(ភ្នំពេញ)៖ រដ្ឋមន្ត្រីការងារអាស៊ាន ព្រមទាំងរដ្ឋមន្ត្រីអប់រំអាស៊ានទាំង១០ប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានជួបប្រជុំគ្នា តាមរយៈប្រព័ន្ធវីដេអូ ដោយបានគិតគូរពិភាក្សាគ្នាយ៉ាងល្អិតល្អន់ទៅលើប្រធានបទនានាពាក់ព័ន្ធនឹងស្ថានភាពនៃការអភិវឌ្ឍធនធានមនុស្ស និងការធ្វើឱ្យធនធានមនុស្សអាស៊ានមានការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ជាពិសេសការលើកកម្ពស់ជំនាញក្នុងសតវត្សទី២១ និងបដិវត្តឧស្សាហកម្ម ៤.០។
សន្និសីទជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការប្រែប្រួលពិភពនៃការងារក្រោមប្រធានបទស្តីពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលដែលលើកកម្ពស់ការអភិវឌ្ឍជំនាញសវត្សទី២១ រៀបចំដោយវៀតណាម ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។
ប្រធានបទដ៏សំខាន់ចំនួន ៤ ដែលអង្គសន្និសីទយកមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ រួមមាន៖
១. ភាពជាដៃគូក្នុងការអភិវឌ្ឍធនធានមនុស្ស ២.ការអភិវឌ្ឍធនធានមនុស្សក្រោយសម័យរីករាលដាលនៃជំងឺឆ្លងរាតត្បាត ៣.ភាពជាអ្នកដឹកនាំនៃវិស័យឯកជនក្នុងការអភិវឌ្ឍធនធានមនុស្ស និងទី៤.ការត្រៀមខ្លួនរួចជាស្រេចនូវប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលសម្រាប់ជំនាញនាសតវត្សទី២១។
ក្រៅពីរដ្ឋមន្ត្រីការងារអាស៊ាន រដ្ឋមន្ត្រីអប់រំអាស៊ានទាំង១០ប្រទេស សន្និសីទនេះក៏មានការចូលរួមពីឧត្តមមន្ត្រីការងារ ឧត្តមមន្ត្រីអប់រំ អគ្គលេខាធិការ អាស៊ាន ដៃគូសន្ទនាអាស៊ាន អគ្គនាយកអង្គការ ILO, UNESCO, UNICEF, ATC, SEOM Chair, AQRF Chair, COSTI Chair, CCMSME Chair, ABAC, AFWC, ACE, ATUC, SEAMEO Secretariat, AUN Secretariat, AUSCU, CAYC ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វេទិកាសេដ្ឋកិច្ចពិភពលោក, EU-SHARE។
ដោយឡែក នាឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានសម្តែងនូវការគាំទ្រ និងកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រដ្ឋជាសមាជិកអាស៊ានទាំងអស់ ជាពិសេសប្រទេសវៀតណាមក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ដែលបានផ្តួចផ្តើមរៀបចំ និងសម្រេចបាននូវសេចក្តីថ្លែងការណ៍រួម និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការប្រែប្រួលពិភពនៃការងារ និងបានចូលរួមបង្កើតនូវក្រុមប្រឹក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ាន ដែលមានតួនាទីយ៉ាងសំខាន់លើការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់ សម្រាប់បំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
ទន្ទឹមគ្នានោះដែរ លោក អ៉ិត សំហេង ក៏បានចែករំលែកអនុសាសន៍ដល់អាស៊ានផងដែរ ដូចជា៖
១៖ ជំរុញការធ្វើសមាហរណកម្មក្របខ័ណ្ឌគុណវុឌ្ឍិជាតិរបស់រដ្ឋសមាជិកអាស៊ានឱ្យស្របតាមគុណវុឌ្ឍិយោងអាស៊ាន (AQRF)។
២៖ ជំរុញ និងពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងការរៀបចំឱ្យមានការទទួលស្គាល់ជំនាញទៅវិញទៅមករវាងបណ្តារដ្ឋសមាជិកអាស៊ាន។
៣៖ លើកទឹកចិត្តឱ្យមានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់គុណភាពជំនាញដល់យុវជន កម្មករជំនាញ តាមរយៈការប្រកួតប្រជែងជំនាញអាស៊ាន។
៤៖ ពន្លឿនការសិក្សាស្រាវជ្រាវពីតម្រូវការជំនាញក្នុងតំបន់ និងរៀបចំឱ្យមានប្រព័ន្ធព័ត៌មានទីផ្សារការងាររួមមួយសម្រាប់អាស៊ាន។
៥៖ រៀបចំឱ្យមានសៀវភៅបញ្ជាក់ពីប្រវត្តិការងារ និងជំនាញរបស់ពលករទេសន្តរប្រវេសក៍ នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។
៦៖ បន្តសហការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សារបស់គ្រូបច្ចេកទេស និងសិស្ស-និស្សិត
៧៖ ចែករំលែកបទពិសោធន៍ និងជំនាញដល់ប្រជាពលរដ្ឋនៃរដ្ឋសមាជិកអាស៊ាន តាមរយៈការផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដល់ពលករទេសន្តរប្រវេសក៍ ដែលកំពុងធ្វើការនៅក្នុងប្រទេសទទួល។
គួរជម្រាបជូនផងដែរថា អង្គសន្និសីទនេះសម្រេចបាននូវលទ្ធផលរួមមាន៖ អនុម័ត និងប្រកាសឱ្យអនុវត្តនូវ ផែនទីបង្ហាញផ្លូវនៃសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការប្រែប្រួលពិភពនៃការងារ និងប្រកាសជាផ្លូវការនូវក្រុមប្រឹក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ាន៕