(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ២១៧,៩៣២នាក់។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងអស់នោះមានភ្ញៀវជាតិមានចំនួន ២១៥,៩៤១នាក់ និងភ្ញៀវបរទេសមានចំនួន ១,៩៩១នាក់។
ខេត្តដែលមានភ្ញៀវច្រើនចាប់ពី ១០,០០០នាក់ឡើង រួមមាន៖
១. ខេត្តកណ្តាល ២១,២៤១នាក់
២. ខេត្តបាត់ដំបង ១៩,៩៥០នាក់
៣. ខេត្តកំពត ១៩,៤១៥នាក់
៤. សៀមរាប ១៧២៦៦នាក់
៥. ខេត្តព្រះសីហនុ ១៦,៣១៨នាក់
៦. ខេត្តកំពង់ឆ្នាំង ១៥,៩៩៥នាក់
៧. ខេត្តតាកែវ ១១,១៦៥នាក់។
ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ។
គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានាការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព តម្លៃសមរម្យ។ គោលដៅទេសចរណ៍ទាំងអស់បានបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕