(ភ្នំពេញ)៖ តាមពិត លោកស្រី សូ ស្រីពៅ មានរឿងរកាំរកុះក្តីក្តាំលែងលះគ្នាចាប់តាំងពីឆ្នាំ ២០១៣មកម៉្លេះ។ ហើយការលែងលះគ្នានេះបានតម្រូវឱ្យភាគីម្ខាង បាត់បង់សិទ្ធិបីបាច់ថែរក្សាកូនស្រីក្នុងបន្ទុកម្នាក់ឈ្មោះ សួង អេលីស តាមការសម្រេចរបស់តុលាការ ។
សំណុំរឿងរដ្ឋប្បវេណី ជាវិវាទក្នុងគ្រួសារ ដែលមានសាលក្រមស្ថាពរ តាំងពីឆ្នាំ២០១៥ តែអនុវត្តមិនបានជោគជ័យត្រូវបានលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការផ្សះផ្សារសម្របសម្រួលឡើងវិញ ដើម្បីឱ្យគូភាគីទាំងពីរយល់ព្រមអនុវត្តដោយស្ម័គ្រចិត្តបានជោគជ័យដើម្បីសេចក្តីសុខ សុភមង្គល ក្រោយពីការលែងលះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែ កញ្ញា ឆ្នាំ២០២០ ព្រឹកមិញនេះ នៅវិមានសន្តិភាព។
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ដួង តារា បានដឹកនាំក្រុមការងារសម្របសម្រួលអនុវត្តឈរ លើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ប្រកបដោយគតិបណ្ឌិតដោយបានធ្វើការផ្សះផ្សារ និងសម្របសម្រួល អតីតស្វាមីភរិយាវ័យកណ្តាលមួយគូឱ្យយល់ព្រមអនុវត្តតាមសាលក្រមរដ្ឋប្បវេណី និងកំណត់ហេតុអនុវត្តរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា សាលក្រមរដ្ឋប្បវេណីលេខ៣០ ម ភ.ព.រ.វ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានសម្រេច ឱ្យឈ្មោះ សូ ស្រីពៅ ជាម្តាយជាអ្នកមានអំណាចមេបា លើកូនឈ្មោះ សួង អេលីស ភេទស្រី កើតថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ហើយសាលក្រមនេះបានចូលជាស្ថាពរ និងមានអនុភាពអនុវត្តតាមផ្លូវច្បាប់។ ដោយមានការស្នើសុំពីភាគីដើមចោទឈ្មោះ សូ ស្រីពៅ សាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលក្រមខាងលើចំនួនពីរដងរួចមកហើយ តែនៅតែមិនទទួលបានជោគជ័យ ដោយសារភាគីចុងចម្លើយឈ្មោះ សួង ភិសិរ្យណៈរង្គ មិនព្រមអនុវត្តតាមកំណត់ហេតុអនុវត្តរបស់តុលាការឡើយ ទោះខ្លួនបានផ្តិតមេដៃ នៅលើកំណត់ហេតុនោះនៅចំពោះមុខមន្ត្រីទទួលបន្ទុកអនុវត្តក៏ដោយ។
ដោយសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនស្រី ដែលស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់ចុងចម្លើយជាប្តី, ឈ្មោះ សូ ស្រីពៅ ជាម្តាយ បានស្វះស្វែងប្តឹងផ្តល់រកយុត្តិធម៌ទៅគ្រប់ស្តាប័នពាក់ព័ន្ធទាំងអស់ រហូតដល់មានសាលក្រមកំបាំងមុខក្នុងរឿងព្រហ្មទណ្ឌ ផ្តន្ទាទោសឈ្មោះ សួង ភិសិរ្យណៈរង្គ ដាក់ពន្ធធនាគារចំនួន៦ខែពីបទមិនព្រមប្រគល់អនីតិជនទៀតផង។ ប៉ុន្តែ ឈ្មោះ សូ ស្រីពៅ នៅតែមិនទទួលបានយុត្តិធម៌ គឺតែមិនបានជួបកូនស្រីជាទីស្រលាញ់របស់ខ្លួន ដោយសារតែអ្នកអនុវត្តច្បាប់មិនមានវិធានការច្បាប់តឹងរឹងបង្ខំឱ្យភាគីចុងចម្លើយខ្លាចញញើតគោរពនិងអនុវត្តតាម។
ដោយសារអស់ជំនឿ នឹងភាពទាល់ច្រក ឈ្មោះ សូ ស្រីពៅ ជាម្តាយបានដាច់ចិត្តសុំក្តីមេត្តាសណ្តោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំជួយជាលើកចុងក្រោយដើម្បីខ្លួនមានឱកាសបានជួបមុខកូនស្រីជាទីស្រលាញ់របស់ខ្លួនដែលបានបែកគ្នាតាំងពីឆ្នាំ២០១៥មកម៉្លេះ។
ពិតណាស់ ពលរដ្ឋគ្រប់រូបគឺជាកូនចៅរបស់ សម្តេចទាំងទ្វេ។ សម្តេចលោកតែងមានក្តីមេត្តាធម៌ សណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទោះបីក្នុងស្ថានភាពណាក៏ដោយ។ ក្រោយពីបានទទួលសំណូមពរពីឈ្មោះ សូ ស្រីពៅ (ម្តាយ) សម្តេចតេជោបានចាត់ឱ្យ លោក ដួង តារា ជំនួយការសម្តេចផ្ទាល់ចុះធ្វើការងារនេះជាបន្ទាន់ ដើម្បីពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ដើម្បីឱ្យមានការជួបជុំគ្នាឡើងវិញរវាងម្តាយនិងកូន។
ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ លោក ដួង តារា បានអញ្ជើញភាគីទាំងពីរមកសម្របសម្រួល និងណែនាំពីទិដ្ឋភាពផ្លូវច្បាប់រហូតដល់ភាគីខាងចុងចម្លើយ យល់ព្រមប្រគល់កូនស្រី ឈ្មោះ សួង សូអេលីស ឱ្យទៅម្តាយឈ្មោះ សូ ស្រីពៅ តាមអំណាចសាលក្រម ដោយស្ម័គចិត្ត ហើយភាគីទាំងពីរបានយល់ព្រមចុះកិច្ចព្រមព្រៀងអនុវត្តដោយស្ម័គចិត្តមួយនៅចំពោះមុខ លោក ដួង តារា ផងដែរ។
នៅរសៀលថ្ងៃដដែលនេះ លោក ដួង តារា និងក្រុមការងាររួមទាំងអាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើសាក្សី ក្នុងការប្រគល់ទទួលកូនស្រីនៅគេហដ្ឋានខាងឪពុកឈ្មោះ សួង ភិសិរ្យណៈរង្គ ប្រកបដោយបរិយាកាសសប្បាយរីករាយ។
លោក ដួង តារា បានពន្យល់ថា ការលែងលះ គឺគ្រាន់តែជាមធ្យោបាយមួយដើម្បី រំលាយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ប៉ុន្តែក្រោយការលែងលះ ភាគីត្រូវពិចារណាអំពី សុភមង្គលរបស់ កូន និងកុំបង្កើតមានវប្បធម៍ចងគំនុំជាសត្រូវ ព្រោះថាកូនមិនមានកំហុសទេ ហើយភាគីមិនមែនត្រូវយកកូនជាចំណាប់ខ្មាំងឡើយ ។
លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យរូបលោកបានចូលរួមចំណែក ជួយដោះស្រាយវិវាទនានាឈរតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោក ដួង តារា បានថ្លែងបន្ថែមថា សម្តេចទាំងទ្វេតែងឈ្លៀតពេលវេលាដ៏មានតម្លៃគិតគូរដោះស្រាយពីទុក្ខកង្វល់ប្រជាពលរដ្ឋដោយមិនខ្លាចពីការនឿយហត់ឡើយ។ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសសាលាដំបូងរាជធានីភ្នំពេញ និង ព្រះរាជអាជ្ញាក្រុងដែលបានសហការណ៍ចូលរួម នៅក្នុងសំណុំរឿងមួយនេះដោយទទួលបានលទ្ធផលល្អជូនឪពុកម្តាយ និងកូន និងជូនប្រមុខដឹកនាំរបស់យើងទាំងអស់គ្នា៕