(ស្វាយរៀង)៖ វីដេអូបង្ហាញអំពីការប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម Facebook ដែលគេអះអាងថា ជនបង្កជាឪពុកបង្កើតរបស់នារីរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុករបស់នាងត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយនៅលើបណ្ដាញសង្គម។ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍នេះសមត្ថកិច្ចទើបដែលទទួលព័ត៌មាន នៅលើ Facebook ប៉ុណ្ណោះ ដោយហេតុថា ពេលកើតហេតុជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្ដឹង។
បើតាមលោកអធិការ ក្រោយឃើញព័ត៌មានចែកចាយ លោកបានបញ្ជាកម្លាំងស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឪពុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីមកសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ បានឲ្យដឹងទៀតថា កន្លងទៅជនដៃដល់ជាឪពុក តែងតែបង្កបញ្ហានៅក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចក៏ធ្លាប់ហៅមកអប់រំ ដើម្បីកុំឲ្យបង្កហិង្សា នៅក្នុងគ្រួសារបន្តទៀតដែរ ប៉ុន្ដែជនសង្ស័យមិនកែខ្លួន នៅតែបោករបស់របរក្នុងផ្ទះ ទើបប្រពន្ធទ្រាំលែងបានក៏រត់ទៅភ្នំពញ ចោលបន្សល់ទុកកូនស្រី៣នាក់ នៅក្នុងបន្ទុកគ្រួសារ។
យោងតាមការសួរនាំ ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរស័ព្ទនៅពេលយប់។
យ៉ាងណាមិញ សមត្ថកិច្ចក៏បានសួរនាំទៅនារីរងគ្រោះអំពីហេតុការណ៍ដែលបានកើតឡើងនេះផងដែរ។ ខាងក្រោមនេះ ជាវីដេអូរបស់នារីរងគ្រោះ ដែលរៀបរាប់អំពីហេតុការណ៍ហិង្សា ដែលកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០៕