(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យដំណើរការ ដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។
លោកបញ្ជាក់ថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មីនេះ ជាអនុភាពថ្មី ក្នុងចំនួនសរុប២០០មេហ្កាវ៉ាត់ នៃថាមពលស្អាត ដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ដែលនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច៤៥០មេហ្កាវ៉ាត់។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៣០មេហ្កាវ៉ាត់ថ្មីនេះ ស្ថិតក្នុងចំណោមថាមពលដើរពន្លឺព្រះអាទិត្យ ២០០មេហ្កាវ៉ាត់ ដែលនឹងត្រូវដាក់ឲ្យដំណើការពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យដំណើរការហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះជាផែនការដែលត្រៀមផលិតថាមពលឲ្យបានច្រើនថែមទៀត សម្រាប់ផ្គត់ផ្គង់នៅឆ្នាំខាងមុខ ពិសេសក្នុងរដូវប្រាំង ហើយក៏ជាផ្នែកមួយក្នុងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ក្នុងការបង្កើនភាគរយនៃថាមពលកកើតឡើងវិញ និងថាមពលស្អាត (ថាមពលពន្លឺព្រះអាទិត្យ) ឲ្យដល់យ៉ាងតិច៤៥០មេហ្កាវ៉ាត់ មុនដាច់ឆ្នាំ២០២២ ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផែនការអនាគតរបស់យើង គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើន ក្នុងប្រព័ន្ធបណ្តាញជាតិរបស់យើង»។
លោកបន្តថា ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៣០មេហ្កាវ៉ាត់ ក្នុងចំណោម២០០មេហ្គាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយ ក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ថាមពលនេះក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនបន្តទៀត ជាពិសេសឧស្សាហកម្មកាត់ដេរ ដែលថាមពលស្អាតនេះមានប្រយោជន៍ សម្រាប់ឲ្យឧស្សាហកម្មកាត់ដេរ ទទួលភាគរយនៃថាមពលស្អាតច្រើនឡើង គាំទ្រដំណើរការផលិតកម្មរបស់ខ្លួន។
សូមជម្រាបថា ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានេះ ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ៣កន្លែងបន្ថែមទៀត ក៏ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យសាងសង់ផងដែរ គឺនៅខេត្តបាត់ដំបង ផ្តល់អានុភាព៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង អានុភាព ២០មេហ្កាវ៉ាត់៕